(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់មកកាន់ Fresh News នាថ្ងៃទី១២ ខែកញ្ញានេះថា រយៈពេល៨ខែដើមឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន១,៤០៤,៧៧០នាក់ ហើយបើតាមការព្យាករណ៍នៅឆ្នាំនេះ ខេត្តសៀមរាបអាចនឹងទទួលបានទេសចរសរុបជាង២លាន២៧ម៉ឺននាក់។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ (មករា-សីហា) ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរជាតិចំនួន១,២៩៤,២០០នាក់ កើនឡើង ៩៧៦.២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
ចំពោះភ្ញៀវទេសចរអន្តរជាតិវិញមានចំនួន១១០,៥៧០នាក់ កើនឡើង ១៧៦១.៧៦%។ គិតតាមលំដាប់ថ្នាក់សញ្ជាតិ (តាមគ្រប់មធ្យោបាយ) មានដូចជាភ្ញៀវសញ្ជាតិបារាំង ចិន អង់គ្លេស អាមេរិក វៀតណាម ថៃ អាឡឺម៉ង់ អេស្ប៉ាញ ឥណ្ឌា អូស្រ្តាលី។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «តាមការព្យាករណ៍ពេញ១ឆ្នាំ២០២២ សៀមរាបអាចនឹងទទួលបានភ្ញៀវទេសចរសរុប២,២៧៨,៨៥៤នាក់ ដោយទេសចរជាតិអាចឡើងដល់២,០៣៩,០០០នាក់ ទេសចរអន្តរជាតិអាចឡើងដល់២៣៩,៨៥៤នាក់»។
លោកបានបន្តថា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះដែរ ជើងហោះហើរពីអន្តរជាតិចូលមកកាន់ខេត្តសៀមរាបមានចំនួន៨០២ជើង និងមានអ្នកដំណើរសរុប៦៧,៤២១នាក់។
ជើងហោះហើរពីអន្តរជាតិដែលចូលមកកាន់ខេត្តសៀមរាបនោះ រួមមាន៖
* ក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប)
* ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និង បាងកក-សៀមរាប)
* ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និង ដាណាង-សៀមរាប)
* ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប)
* ក្រុមហ៊ុន Bamboo Ailine (ហាណូយ-សៀមរាប)
* ក្រុមហ៊ុន Bangkok Airways (បាងកក-សៀមរាប)
* ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប)
* ក្រុមហ៊ុន China Eastern (គួនមិញ-សៀមរាប)។
ក៏មានដែរនូវជើងហោះហើរក្នុងស្រុក៖
* ក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប និង កំពង់សោម-សៀមរាប)
* ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប)។
គួរជម្រាបថា ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាមានចំនួន៩៩៨,២៧២នាក់ ហើយបើយោងតាមការព្យាករណ៍ចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់៕