(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតមួយជូន លោកជំទាវ ហេង ខាំពង្ស ដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាព ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា នៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងសាររំលែកទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំ និងភរិយាមានក្ដីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នីតិកាលទី៦ នៃរដ្ឋសភា ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព កាលពីវេលាម៉ោង ១២៖១២នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្ដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ឯកឧត្តម ប៊ូ ឡាំ ដែលជាស្វាមី ឪពុក ឪពុកក្មេក ជីតា ពោរពេញដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ចំពោះភរិយា កូនៗ ចៅៗជាទីស្រឡាញ់។

មរណភាពរបស់ ឯកឧត្តម ប៊ូ ឡាំ ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលបានរួម ចំណែកក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបំពេញការងារយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ នាពេលកន្លងមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ប៊ូ ឡាំ សូមឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពី ខ្ញុំ និងភរិយា»៕