(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះថា ស្នាមមេដៃប្រជាពលរដ្ឋនៅក្នុងញត្តិ របស់គណបក្សសង្រ្គោះជាតិ (CNRP) ដង្ហែថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រូវបានយកទៅដល់ដៃរបស់គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យ ហើយកំពុងបើកការពិនិត្យ និងស្រាវជ្រាវ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា លទ្ធផលនៃការស្រាវជ្រាវមិនទាន់មាននៅឡើយ ដោយត្រូវចំណាយពេលវេលាជាច្រើនទៀត ក្នុងការស្រាវជ្រាវ ពិនិត្យ និងធ្វើកោសល្យវិច័យផ្សេងៗទៀត។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា បើក្នុងករណីរកឃើញថា ស្នាមមេដៃមានភាពមិនប្រក្រតីមែននោះ អ្នកយកស្នាមមេដៃថ្វាយ ព្រះមហាក្សត្រ គឺជាអ្នកទទួលខុសត្រូវ ព្រោះវាជាការក្លែងបន្លំឯកសារសាធារណៈ ហើយជាការប្រមាថធ្ងន់ធ្ងរចំពោះព្រះកិត្តិសព្ទរបស់ព្រះមហាក្សត្រ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះ «ជាផ្ទាល់ខ្លួនខ្ញុំទេ មិនឆ្លុះបញ្ចាំងពីជំហររបស់រាជរដ្ឋាភិបាល ឬក្រសួងទេ។ ផ្ទាល់ខ្លួនខ្ញុំ ខ្ញុំគិតថា គឺទោសធ្ងន់ណាស់ ព្រោះជាការភូតភរព្រះមហាក្សត្រ ពីដើមទោសធ្ងន់ណាស់ អ្នកយកញត្តិទៅត្រូវទទួលខុសត្រូវ។ បើតាមផ្លូវច្បាប់ឥឡូវនេះ ជាការក្លែងបន្លំឯកសារសាធារណៈ ដែលក្នុងច្បាប់ព្រហ្មទណ្ឌរបស់យើងមានចែងដែរ»។
សូមរំលឹកថា តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ តំណាងដោយលោក យ៉ែម បុញ្ញរិទ្ធ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ បានធ្វើ ញត្តិមួយអមដោយស្នាមមេដៃរបស់ប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់ ដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរ ដោយទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិ មនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត១រូប។ ក្នុងញត្តិក៏ទាមទារឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្ត គណបក្សគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។
បន្ទាប់ពីការប្រគល់ញត្តិនេះ មានព័ត៌មានទម្លាយថា ក្នុងញត្តិមានករណីមិនប្រក្រតីមួយចំនួន ក្នុងការប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ។ ក្រោយការលេច ធ្លាយនូវព័ត៌មានថា មានភាពមិនប្រក្រតី នៃស្នាមមេដៃនេះ នៅថ្ងៃទី៣១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំស្រាវជ្រាវស្នាមមេដៃតាមវិធីសាស្រ្ត ធ្វើកោសល្យវិច្ច័យ ស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ ឬតាមវិធីសាស្រ្តផ្សេងៗទៀត។
ក្នុងលិខិតប្រគល់ភារកិច្ចនោះ បានស្នើឲ្យរៀបចំស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃ បោកប្រាស់ទាំងប្រជាជន ជាពិសេសបោកប្រាស់ព្រះមហាក្សត្រ។
ក្រោយទទួលបានភារកិច្ចនេះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង បានសម្រេចចេញសេចក្តីប្រកាសបង្កើតគណៈកម្មការមួយ ដើម្បីស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃ ដោយមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន។
គណបក្សសង្រ្គោះជាតិ បានព្រមានថា ប្រសិនបើមានការមិនជឿទុកចិត្ត ឬរកឃើញមានភាពមិនប្រក្រតីណាមួយលើស្នាមមេដៃ របស់ប្រជាពលរដ្ឋមែននោះ នឹងមានការកោះហៅ ប្រជាពលរដ្ឋឡើងមកបង្ហាញខ្លួន នៅមុខព្រះបរមរាជវាំង។ គណបក្សសង្រ្គោះជាតិអះអាងទៀតថា ចង់បានប៉ុន្មានក៏បានដែរ។
ឆ្លើយតបការព្រមាននេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានចាត់ទុកការប្រកាសរបស់គណបក្សសង្រ្គោះជាតិ គឺជាបំណងមិនល្អ ដោយបង្កប់នូវឧបាយកលផ្សេងៗ ដែលមិនមានប្រយោជន៍ អ្វីសម្រាប់សង្គមជាតិនោះឡើយ។ លោក បានបញ្ជាក់ទៀតថា កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នឹងប្រើវិធានការដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាឲ្យបាននូវការរស់នៅប្រកបដោយភាពសុខដុម របស់ប្រជាពលរដ្ឋ៕