(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង និងផ្ទេរតួនាទីភារកិច្ចអភិ បាលរងក្រុងស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង រួមមាន ក្រុងបាត់ដំបង ស្រុកសង្កែ ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត។

យោងតាមអនុក្រឹត្យស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្ដីរាជការ របស់រាជរដ្ឋាភិបាលបានសម្រេចរួមមាន៖

*ផ្ទេរភារកិច្ចលោក សុខ ហឿន ពីអភិបាលស្រុកសង្កែ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង
*តែងតាំងលោក នាង ច័ន្ទថារ៉ា ឱ្យកាន់មុខតំណែងជាអភិបាលស្រុកសង្កែ
*តែងតាំងលោក សេក ចន្ត្រា ជាអភិបាលរងក្រុងបាត់ដំបង
*តែងតាំងលោក យ៉ម យ៉ា ជាអភិបាលរងស្រុកសង្កែ
*ផ្ទេរភារកិច្ចលោក ប៉ោក រ៉ា ពីអភិបាលរងស្រុកគាស់ក្រឡ ទៅជាអភិបាលរងស្រុកសង្កែ
*ផ្ទេរលោក គ្រឿម រដ្ឋា ពីអភិបាលរងស្រុករុក្ខគិរី ទៅជាអភិបាលរងស្រុកសង្កែ
*ផ្ទេរលោក ហែម សុភ័ក្ដ្រ ពីអភិបាលរងស្រុកសង្កែ ទៅជាអភិបាលរងស្រុករុក្ខគិរី
*ផ្ទេរលោក ឌី ពៅ ពីអភិបាលរងស្រុកស្រុកសង្កែ ទៅជាអភិបាលរងស្រុកគាស់ក្រឡ
*ផ្ទេរលោកស្រី ឌី សាម៉េត ពីអភិបាលរងស្រុករតនមណ្ឌល ទៅជាអភិបាលរងស្រុកសំឡូត។

នៅក្នុងឱកាសនោះ លោក សុខ លូ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រុងស្រុក ដែលទើបបានទទួលតំណែងថ្មីត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន គឺបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ តាមតួនាទីរៀងៗខ្លួនប្រកបដោយគុណធម៌ សីលធម៌ សក្តិសមជាអ្នកបម្រើរាស្រ្ត និងគិតគូពីផលប្រប្រយោជន៍រាស្រ្តជាធំ៕