(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង២,០០០នាក់ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ព្រមទាំបង្ហាញលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង គឺ ០១២ ៩៩៩ ៩៩៩, និងលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋទំនាក់ទំនង នៅពេលមានបញ្ហាអ្វីមួយកើតឡើង។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ថា សម្រាប់កងកម្លាំងទាំងនេះ គឺដើម្បីការពារតាមគោលដៅវត្តអារាម និងទីកន្លែងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានត្រៀមមធ្យោបាយរថយន្តចំនួន៥០គ្រឿង ដើម្បីដឹកកងកម្លាំង, រថយន្តពន្លត់អគ្គីភ័យចំនួន ២៣គ្រឿង, រថយន្តស្ទួចមួយចំនួន ព្រមទាំងម៉ូតូធំ និងម៉ូតូបញ្ចៀសចរាចរណ៍ចំនួន ដើម្បីសម្រាប់សម្រួលដល់មន្ត្រីក្នុងការអនុវត្តការងារក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
បន្ថែមពីនេះ លោកបានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងកងអន្តរាគមន៍ជាប្រចាំក្នុងករណីមានបាតុភាពផ្សេងៗជាយថាហេតុ។ សម្រាប់កម្លាំងចរាចរណ៍ និងសណ្តាប់ធ្នាប់ គឺស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានត្រៀមយ៉ាងច្រើនផងដែរ ដើម្បីសម្រួលចរាចរណ៍នៅតាមទីវត្តអារាម ព្រមទាំងរមណីយដ្ឋាននានា ជាពិសេសនៅតាមច្រកចូលក្នុងរាជធានីភ្នំពេញជាដើម។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កម្លាំងអគ្គីភ័យ ក៏បានត្រៀមខ្លួន២៤ម៉ោង លើ២៤ម៉ោង ដើម្បីប្រតិបត្តិការភ្លាមៗ ប្រសិនបើមានករណីអគ្គីភ័យណាមួយកើតឡើងជាយថាហេតុ។
លោកវរសេនីយ៍ឯក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ប្រសិនបើមិនមានបញ្ហាអ្វីមួយដែលត្រូវរកជំនួយពីសមត្ថកិច្ច សូមមេត្តាកុំតេលេងសើចឱ្យសោះជាមួយសមត្ថកិច្ចអនុវត្តច្បាប់ឱ្យសោះ ដែលវានឹងអាចក្លាយជាបញ្ហាផ្សេងៗដល់ការងាររបស់ពួកគាត់ ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋ៕