(ឡាវ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា កងទ័ពកម្ពុជា វៀតណាម និងឡាវ ពេលនេះ បាន និងកំពុងធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយបណ្តាលមកពីគ្រោះធម្មជាតិ រយៈពេល១សប្តាហ៍។

លំហាត់រួមនេះ បានធ្វើឡើងក្រោមប្រធានបទ៖ សង្គ្រោះគ្រោះមហន្តរាយបណ្តាលមកពីខ្យល់ព្យុះ ទឹកជំនន់ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានកងទ័ពចូលរួមប្រមាណជា ៥០០នាក់ ក្នុងនោះ ប្រទេសឡាវ ដែលជាម្ចាស់ផ្ទះ មានកងទ័ពចូលរួមជាង ៣០០នាក់, វៀតណាម មានជាង ១០០នាក់ និងកម្ពុជា មានកងទ័ពជិត ១០០នាក់ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងលំហាត់នេះ កងទ័ពកម្ពុជា ទទួលភារកិច្ចលើការជួយសង្គ្រោះមនុស្សលង់ទឹក រុករកមនុស្សកប់ក្នុងអគាររលំដោយខ្យល់ព្យុះ រុករកមនុស្សដោយការលង់ទឹក និងការសង្គ្រោះចេញពីការបាក់ដីជាដើម។

ការធ្វើលំហាត់សង្រ្គោះគ្រោះមហន្តរាយ ត្រូវគេរាយការណ៍ថា ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ជាពិសេស ដើម្បីដកបទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមកលើកិច្ចការសង្រ្គោះគ្រោះមហន្តរាយ ដូចជាការងារសង្គ្រោះទឹកជំនន់ បាក់រលំអគារ បាក់ដី ជាដើម ។

នាយឧត្តមសេនីយ៍អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមទៀតថា នេះគឺជាការធ្វើលំហាត់លើកដំបូង ដែលរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរួមគ្នា ក្រោយពីបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្នុងរបស់ប្រទេសទាំងបី នៅទីក្រុងហាណូយ ក្នុងឆ្នាំ២០១៩ កន្លងទៅ៕