(កំពង់ឆ្នាំង)៖ មន្ត្រីជលផលខេត្តកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពស្រុករលាប្អៀរ គណៈបញ្ជាការឯកភាពស្រុកកំពង់ត្រឡាច និងកម្លាំងសហគមន៍នេសាទ បានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ដោយរុះរើរបាំងសាច់អួនចំនួន១៦កន្លែង មានប្រវែង៨០០ម៉ែត្រ លូសាច់អួនចំនួន ១៣មាត់ របាំងស្បៃមុងចំនួន ២ករណី ស្មើនឹង ១៣កន្លែង ប្រវែង ៥១០ម៉ែត្រ លូស្បៃមុង ចំនួន ១៣មាត់ បង្គោលសរុបចំនួន ៣៥០ដើម និងបានលែងត្រីចម្រុះចំនួន ៥៥គីឡូក្រាម ទៅក្នុងបឹងធម្មជាតិវិញ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រតិបត្តិការនេះកម្លាំងរបស់លោកបានសហការជាមួយ គណៈបញ្ជាការឯកភាពស្រុករលាប្អៀរ គណៈបញ្ជាការឯកភាពស្រុកកំពង់ត្រឡាច និងកម្លាំងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចអន្លង់អណ្ដើកកំពង់រាំង និងចំណុចឃុំតាជេស ក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយប្រើកម្លាំងសមត្ថកិច្ចចម្រុះប្រើប្រាស់កម្លាំងសរុប២៧នាក់ មធ្យោបាយកាណូតស្មាច់ចំនួន៧គ្រឿង។
ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹងទៀតថា នៅក្នុងរដូវបិទនេសាទនេះ បើទោះជាសមត្ថកិច្ចសកម្មក្នុងការចុះបង្ក្រាបបទល្មើសនេសាទជាប្រចាំ និងនៅគ្រប់ទីកន្លែងយ៉ាងណាក៏ដោយ ក៏ជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាស លបលួចធ្វើការនេសាទដោយប្រើឧបករណ៍នេសាទល្មើសច្បាប់ជាបន្តបន្ទាប់។ សកម្មភាពទាំងអស់នេះ សមត្ថកិច្ចជំនាញ នៅតែបន្តសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ពាក់ព័ន្ធទាំងអស់ក្នុងការចុះបង្ក្រាបជាបន្តបន្ទាប់ដោយមិនមានការលើកលែង។
ឆ្លៀតក្នុងឱកាសនេះលោក លី ឡា ក៏សូមអំពាវនាវដល់ប្រជានេសាទ ដែលតែងតែលបលួចនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ជលផល មិនស្ដាប់ការណែនាំពីអាជ្ញាធរមានសមត្ថកិច្ច បងប្អូននៅតែខាតបង់ទាំងថវិកាទាំងពេល វេលា សមត្ថកិច្ចនៅតែបន្តចុះរុះរើបំផ្លាញចោលដោយគ្មានការយោគយល់នោះឡើយ៕