(កំពត)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កែវ សុផល ត្រូវបានផ្លាស់ប្តូរមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងតែងតាំងលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ជំនួសវិញ។
នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការតែងតាំងតម្លើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែង គឺមានអត្ថប្រយោជន៍៤ជាគន្លឹះ៖
*ទី១៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
*ទី២៖ រៀបចំធនធានមនុស្សឲ្យស្រប និងសមត្ថភាពជំនាញ និងនិស្ស័យ
*ទី៣៖ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
*ទី៤៖ ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឲ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។
នាយឧត្តមសេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី កែវ សុផល ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តកំពត សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងជូនពរទទួលតួនាទីភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។
ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្ត ៧ចំណុច រួមមាន ហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។
ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប៕