(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ដ្រមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដោយរោគាពាធ នៅម៉ោង១២៖១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៧ឆ្នាំ។

យើងខ្ញុំទាំងអស់គ្នា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំនេះ និងសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ ឯកឧត្តម ប៊ូ ឡាំ ដែលជាបងប្រុស ជាស្វាមី ជាឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ឆ្នើមមួយរូប របស់កម្ពុជា ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចប្រកបដោយឆន្ទៈមនសិការ ក្នុងបុព្វហេតុលើកកម្ពស់តម្លៃនីតិរដ្ឋ បម្រើប្រជាជន និងប្រទេសជាតិ។

យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ប៊ូ ឡាំ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕