(ភ្នំពេញ)៖ កម្មករោងចក្រ២ក្រុម ពេលចេញមកធ្វើកូដកម្មនៅខាងមុខរោងចក្រ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ៍សែនជ័យ បានកើតជម្លោះរហូតផ្ទុះហិង្សា វាយតប់គ្នាយ៉ាងអនាធិបតេយ្យ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាង១០នាក់។
សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ មានកម្មករនិយោជិត របស់ក្រុមហ៊ុន យ៉កម៉ាស (ខេមបូឌា) ហ្គាមេន អិមអេហ្វជី នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិត៣០០នាក់ ក្នុងចំណោមកម្មករជាង៧០០នាក់ បានផ្ទុះធ្វើកូដកម្ម នៅខាងក្រៅរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន ដោយក្នុងនោះរួមមាន ទី១- សុំឲ្យក្រុមហ៊ុន ផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមចំនួន៥ដុល្លារ ទី២- សុំឲ្យក្រុមហ៊ុនកែប្រែប្រធានផ្នែកផលិតកម្ម ជនជាតិចិននៅផ្នែកតុកាត់ មុនពេលធ្វើអ្វីចំពោះកម្មករត្រូវមានហេតុផលសមរម្យ ទី៣- សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់បាយថែមម៉ោងថ្ងៃអាទិត្យចំនួន៦០០០រៀល ទី៤- សុំឲ្យក្រុមហ៊ុនចាត់វិធានការ តាមបទបញ្ជាផ្ទៃក្នុង និងច្បាប់ការងារចំពោះតំណាងសហជីពស្មារតីកម្មករខ្មែរ ចំនួន៤នាក់ ដែលបានវាយកម្មករកន្លងមកនៅក្នុងរោងចក្រ និងលក្ខខណ្ឌការងារមួយចំនួនទៀត។
នៅពេលដែលក្រុមកម្មករទាំងនេះ កំពុងធ្វើកូដកម្មនោះ ស្រាប់តែនៅពេលថ្ងៃត្រង់មានក្រុមកម្មករ ដឹកនាំដោយមន្រ្តីសហព័ន្ធសហជីពស្មារតីកម្មករខ្មែររបស់លោក មុំ សៀក ជាង៣០នាក់ បានមកអុកឡុក និងវាយបង្រ្កាបមកលើកម្មករ ដែលកំពុងធ្វើកូដកម្ម នៅខាងមុខរោងចក្រ ធ្វើឲ្យមានកម្មកររងរបួសធ្ងន់បែកក្បាលចំនួន៣នាក់ និងរងរបួសស្រាលជាង១០នាក់ ត្រូវបានបញ្ជូនទៅ សម្រាក និងព្យាបាលនៅគ្លីនីកឯកជន។ យ៉ាងណាក៏ដោយ ក្រោយមានកើតហេតុភ្លាមៗ ទាំងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានទៅជួយអន្តរាគមន៍ផងដែរ៕