(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើព្រះរាជសារចូលរួមអបអរសាទរថ្វាយព្រះអង្គ ឆាលស៍ទី៣ (Charles III) ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង។

ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រកម្ពុជា ថ្វាយព្រះអង្គ ឆាលស៍ទី៣ មានខ្លឹមសារថា «នាឱកាសដ៏វិសេសវិសាលនៃការប្រកាសជាផ្លូវការ ដោយក្រុមប្រឹក្សារាជសម្បត្តិថា ព្រះអង្គ គឺជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ខ្ញុំសូមសម្តែងការចូលរួមអបអរសាទរយ៉ាងកក់ក្តៅ រួមជាមួយការជូនពរសព្វគ្រប់ប្រការ សម្រាប់សុខុមាលភាព នាពេលអនាគតរបស់ព្រះអង្គផ្ទាល់ ក៏ដូចជាសម្រាប់វិបុលភាពដ៏អស្ចារ្យនៃប្រទេសរបស់ទ្រង់ ព្រមទាំងសម្រាប់សុភមង្គលនៃប្រជានុរាស្រ្តទាំងអស់របស់ព្រះអង្គ។

ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នាពេលបច្ចុប្បន្ន រវាងព្រះរាជាណាចក្រ និងប្រជាជនយើងទាំងពីរ ច្បាស់ជានឹងបន្តលូតលាស់រីកចម្រើនទៅមុខទៀត នៅក្រោមរជ្ជកាលរបស់ព្រះអង្គ»

សូមជម្រាបថា នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ ព្រះអង្គ ឆាលស៍ទី៣ (Charles III) ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីមាតាទ្រង់ គឺម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ (Elizabeth II) បានយាងចូលទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។