(ព្រះវិហារ)៖ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ប្រគល់ជូនបងប្អូនអតីតយុទ្ធជន ជាជនពិការ ដែលមានជីវភាពខ្វះខាត ចំនួន ៣៥គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទ មុន្នី ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជារបស់យើង។
ជាក់ស្តែងថ្ងៃនេះស្របនឹងពិធីកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានផ្តល់អំណោយមកចែកជូនដល់បងប្អូនអតីតយុទ្ធជនដែលអញ្ជើញមកពីតាមបណ្ដាលឃុំ នៃស្រុកឆែប ដើម្បីជួយសម្រួលដល់ការខ្វះខាត ពិសេសក៏សម្រាប់បងប្អូនយកទៅចាត់ចែងធ្ចើជាចង្ហាន់ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងញាតិសណ្តាណដែលបានចែកឋាន។
លោកក៏បានថ្លែងនូវការដឹងគុណ ចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់នៅសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិនាពេលកន្លងមករហូត ដល់ពិការជើង ពិការដៃ និងពិការភ្នែកដល់សព្វថ្ងៃនេះ។
អំណោយដែលនាំមកប្រគល់ជូននៅពេលនេះរួមមាន៖ អង្ករ ១ប៉េ ស្មើ៣០គីឡូ, មីជាតិ ១កេស, ត្រីខ ១យួរ និងថវិកាចំនួន ២០,០០០រៀលផងដរ៕