(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនអាជីវករ នៅតាមបណ្ដាតូប ឬស្ដង់លក់ដូរអីវ៉ាន់នីមួយៗ នៅក្នុងផ្សារអូរប្ញស្សី ព្រមទាំងបានត្រួតពិនិត្យសណ្ដាប់ធ្នាប់ និងស្ថានភាពផ្លូវនៅជុំវិញផ្សារ ប្រកបដោយបរិយាកាសទឹកចិត្តសប្បាយរីករាយ រវាងបងប្អូនអាជីវករ និងអាជ្ញាធរខណ្ឌ៧មករា។

ខណៈអភិបាលខណ្ឌ៧មករា និងក្រុមការងារ ចូលដល់ផ្សារអូរប្ញស្សី គេសង្កេតឃើញបងប្អូនអាជីវករ គាត់មានទឹកចិត្តសប្បាយរីករាយ ដែលមិនធ្លាប់មានពីមុនមក ដោយឈរនៅរង់ចាំ នៅតាមបណ្ដាតូបលក់ដូរអីវ៉ាន់ ពួកគាត់នីមួយៗ ដោយទទួលស្វាគមន៍លោកអភិបាលខណ្ឌ និងក្រុមការងារ ដោយទឹកចិត្តសប្បាយរីករាយជាខ្លាំង។

នាឱកាសនោះ បងប្អូនអាជីវករគាត់បានជម្រាបប្រាប់ដល់លោកអភិបាលខណ្ឌ៧មករា ពីការលក់ដូររបស់ពួកគាត់ មានការលក់ដូរដាច់ជាធម្មតា ដោយអតិថិជនផ្សារអូរប្ញស្សី ទាំងបងប្អូន នៅក្នុងក្រុងភ្នំពេញ និងអតិថិជន មកតាមបណ្តាខេត្ត គាត់មានការគាំទ្ររាល់មុខទំនិញគ្រប់មុខនៅផ្សារអូរប្ញស្សី នាសព្វថ្ងៃនេះ។

ជាមួយគ្នានេះដែរ អភិបាលខណ្ឌ៧មករា បានជំរុញទៅដល់លោកប្រធានផ្សារអូរប្ញស្សី បន្តការយកចិត្តទុកដាក់ខ្ពស់ ពិសេសលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយអោយបានល្អ និងទប់ស្កាត់ នូវអំពើចោរកម្មនានាផងដែរ ដើម្បីសុវត្ថិភាពដល់បងប្អូនអាជីវករ និងអតិថិជន ដែលជាអ្នកគាំទ្រ មកទិញទំនិញនៅផ្សារអូរប្ញស្សីនាសព្វថ្ងៃនេះ៕