(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានលើកឡើងថាបន្ទាប់ពីបានច្របាច់បញ្ចូលគ្នានូវស្ថាប័នចំនួន៣ បង្កើតបានជាមូលនិធិជាតិជំនួយសង្គមមក ពេលនេះថ្នាក់ដឹកនាំ កំពុងពង្រឹងសមត្ថភាពមន្ត្រី នៃមូលនិធិជាតិជំនួយសង្គម សំដៅបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវា ជូននិវត្តជនគ្រប់ប្រភេទ ក៏ដូចជាជនរងគ្រោះ និងងាយរងគ្រោះឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក សំហេង បុរស បានមានលើកឡើងថា និវត្តជនពិតជាបានរួមចំណែក្នុងការកសាងប្រទេសជាតិ បានរីកចំរើន និងសុខសន្តិភាពរហូតដូចសព្វថ្ងៃ ដូចនេះពួកគាត់គួរតែត្រូវបានយកចិត្តទុក្ខដាក់ ទោះក្នុងតម្លៃណាក៏ដោយ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ បានបន្ថែមថា ហេតុដូច្នេះហើយបានជាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រឹត្យលេខ១៦២ស្តីពី ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់ អតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារ។

លោកបានលើកឡើងបែបនេះ ខណៈលោកចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិក កម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោលនយោបាយ សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ។

បន្ថែមពីលើនេះ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួសង្គម បានឲ្យដឹងថា គោលដៅដ៏សំខាន់បំផុតមួយ នៃការច្របាច់បញ្ចូលគ្នានូវស្ថាប័នចំនួន៣ បង្កើតបានជាមូលនិធិជាតិ ជំនួយសង្គម គឺសំដៅបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនក្រុមជនគោលដៅ ជាពិសេសនិវត្តជន២ប្រភេទគឺអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ក៏ដូចជាជនរងគ្រោះ និងងាយរងគ្រោះផ្សេងទៀត។ ហេតុនេះ វាជាភាពចាំបាច់ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីមូលនិធិជាតិជំនួសង្គម ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

សូមបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ មាននិវត្តជន ប្រពន្ធ និងកូនរបស់ពួកគាត់ សរុប៨ ៣៨១៦នាក់, ជនបាត់បង់វិជ្ជាជីវៈ ប្រពន្ធ និងកូនរបស់ពួកគាត់សរុប ២២៥៥នាក់ បន្ថែមដោយក្រុមជនក្នុងក្របខណ្ឌ អតីតយុទ្ធជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ ពលី មរណៈ និងអ្នកនៅក្នុងបន្ទុកជាង ១៥ ម៉ឺននាក់ផ្សេងទៀត៕