(ភ្នំពេញ)៖ លោកស្រី មែន សំអ៊ិន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីបុណ្យ កាន់បិណ្ឌវេនទី២ នៅវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ខណ្ឌឬស្សីកែវ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ អោយមកទទួលផលបុណ្យ ដែលកូនចៅជំនាន់ក្រោយឧទ្ទិសជូន។

លោកស្រី មែន សំអ៊ិន បានប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហុទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ក្នុងពិធីនោះ លោកស្រី ម៉ែន សំអ៊ីន បានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ប្រគេនបច្ច័យដល់ព្រះសង្ឃ ចែកជូនសិស្ស និស្សិត ប្រជាការពារ និងបច្ច័យសំរាប់កសាងទីអារាមវត្តនេះមួយចំនួនផងដែរ។

បុណ្យកាន់បិណ្ឌត្រូវធ្វើឡើង ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មត់ទុកថាជា ថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បន្ទាប់ពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នយោបាយវ៉ាក់សាំងត្រូវបានសាបព្រោះពាសពេញផ្ទៃប្រទេស ជាហេតុធ្វើឲ្យមហាជននៅទូទាំងប្រទេសកម្ពុជា បាននាំគ្នាទៅធ្វើបុណ្យនៅវត្តដោយមានទឹកមុខរីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល និងគ្មានផលរំខានពីមេរោគកូវីដ។

ទាំងអស់គ្នាសសុទ្ធតែមានសម្លៀកបំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើសារណែនាំដល់ពលរដ្ឋគ្រប់លំដាប់ថ្នាក់ មានការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាលនៃមេរោគនេះ នៅគ្រប់ស្ថានភាពទាំងអស់ និងចូលរួមគោរពតាមវិធានការសុខាភិបាលដើម្បីសេចក្តីសុខរបស់បងប្អូនជនរួមជាតិ។

សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំងប្រទេស មានឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពី រោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ប្រមាណ៕