(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាការចំណាយថវិកាផ្ទាល់របស់លោក ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្រកបរបរធ្វើការរោងចក្រ ដើម្បីរកលុយចិញ្ចឹមគ្រួសារ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងឱកាសចុះប្រគល់ផ្ទះថ្មីនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំយកអំណោយរួមមាន៖ ម៉ូតូថ្មីមួយគ្រឿង គ្រឿងឧបភោគបរិភោបមួយចំនួន និងថវិកា១លានរៀល ឧបត្ថម្ភជូនបន្ថែមផងដែរ សំរាប់ដោះស្រាយជីវភាពក្នុងគ្រួសារបន្ត។
ក្នុងនោះដែរលោកឧកញ៉ា ទៀ វិចិត្រ ក៏បានណែនាំដល់គ្រួសារលោក ត្រេន រុំ និងប្រជាពលរដ្ឋដែលរស់នៅទីនោះត្រូវថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ត្រូវប្រកាន់យកចំនុចល្អបីគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតឲ្យបានគ្រប់ៗគ្នាផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ បានបន្ថែមថា ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃរបស់គ្រួសារខាងលើ ទើបលោកឧកញ៉ា បានផ្តល់នូវម៉ូតូថ្មីមួយគ្រឿងទៀត សំរាប់ឲ្យជិះទៅ ធ្វើការផង និងឆ្លៀតរត់ឌុបផង ដើម្បីបានដោះស្រាយជីវភាព ឲ្យល្អបន្ថែមទៀត។
ចំពោះផ្ទះដែលលោកបានសាងសង់ជូនគ្រួសារដែលមានប្តីឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះ គង់ ផាត រស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ជាគ្រួសារទីទាល់ក្រជួបការលំបាក មានទទឹង ៦ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ នៅពីក្រោយផ្ទះក៏មានបន្ទប់ទឹកស្អាត ១បន្ទប់ផងដែរ។
ក្នុងនាមអាជ្ញាធរ ឃុំទឹកថ្លា រួមនិងគ្រួសាររបស់ លោក រេន រុំ បានថ្លែងអំណរគុណលោកឧកញ៉ា ទៀ វិចិត្រ និងជូនពរលោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងជោគជ័យគ្រប់ភារៈកិច្ច ហើយការជួយរបស់លោកឧកញ៉ា ពេលនេះបង្ហាញពីកាយវិការមនុស្សធម៌ដោយសុទ្ធចិត្ត ដើម្បីឱ្យគ្រួសារនេះរស់នៅសមរម្យ ជំនួសផ្ទះខ្ទម ចាស់ទ្រុឌទ្រោមកន្លងមកផងដែរ៕