(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខ និងនាំថវិកា ព្រមទាំងអំណោយរបស់សម្តេចពិជ័យសេនា ប្រគល់ជូនយោធិនពិការ ៣១៧ តេជោភ្នំឆត្រ ស្ថិតនៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងវឌ្ឍនភាពការអនុវត្តការងារកន្លងមកដោយឧត្តមសេនីយ៍ត្រី ជា ព្រឿង នាយកស្តីទីមជ្ឈមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆត្រ រួចមកនាយឧត្តមសេនីយ៍ អ៉ី ឈាន បានកោតសរសើរចំពោះការដឹកនាំ និងការអភិវឌ្ឍសមិទ្ធផលនានាក្នុងអង្គភាព ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ អគារ ការសាងស្ថានីយ៍ផលិតទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងអាចធ្វើអាជីវកម្ម ដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងអង្គភាពផងដែរ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏ពាំនាំនូវការផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ នៃយោធពលខេមរភូមិន្ទ ជូនយោធិនពិការ និងគ្រួសារផងដែរ។

នាយឧត្តមសេនីយ៍ អ៉ី ឈាន បានលើកឡើងថា សង្គ្រាមកន្លងទៅបានធ្វើឱ្យបងប្អូនទាំងអស់គ្នាធ្លាក់ខ្លួនពិការ រហូតមកដល់សព្វថ្ងៃនេះ។ តែទោះបីជាយ៉ាងណាក្រោយបានទទួលសន្តិភាពពេញលេញ ១០០% ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មិនបានបោះបង់ចោលបងប្អូន ដែលបានបូជាអវៈយវៈឡើយ គឺសម្តេចតេជោ តែងតែនឹករលឹក គិតគូរ និងឧបត្ថម្ភជារឿយៗដល់បងប្អូនកងកម្លាំង និងអតីតយុទ្ធជនគ្រប់ៗគ្នាតែម្តង។

អំណោយដែលមានដូចជា៖ អង្ករ និងថវិការបស់ក្រសួងការពារជាតិចំនួន៣លានរៀល ឃីត១ (ត្រីខ មី ស្ករស ទឹកដោះគោ) ថវិកាផ្ទាល់ខ្លួនរបស់លោកឧបត្ថម្ភដល់មន្រ្តីយោធាចំនួន ១០៤នាក់ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល ជួយឧត្ថម្ភថ្លៃទឹកស្អាតចំនួន ២០០០ដុល្លារ, ជួយថ្លៃសាងសង់ផ្លូវប្រវែង ១,៥០០ម៉ែត្រ ចំនួន ៣,០០០ដុល្លារ ផ្តល់ថវិកាបន្ថែមទៀតដល់មន្រ្តីយោធាពិការចំនួន៣០នាក់ ម្នាក់ៗ ចំនួន៥ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ អ៉ី ឈាន ក៏បានប្រគេនបច្ច័យដល់វត្តនៅក្បែរកន្លែងកម្មវិធីចំនួន ១លានរៀល ទេយ្យទានមួយចំនួមព្រះសង្ឃ៦អង្គ ក្នុង១អង្គ ៥ម៉ឺនរៀល តាជី យាយជី ៦នាក់ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល៕