(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ បានបង្ក្រាបទីតាំងផ្ទះជួល២កន្លែងផ្សេងគ្នា ដែលបង្កប់អាជីវកម្មបំរើផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀន ហើយឃាត់ខ្លួនមនុស្ស៩នាក់ ស្រី៦នាក់ ដកហូតបាន១៦កញ្ចប់។
ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការពីកម្លាំងអាវុធហត្ថក្រុង អធិការនគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារសង្កាត់បន្ទាយដី និងកម្លាំងអន្តរាគមន៍វរៈ៨២៥ ក្រោមដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលពី លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន បានប្រាប់ភា្នក់ងារ Fresh News ឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លូនបានមនុស្ស៩នាក់ ស្រី៦នាក់ ក្នុងនោះបានធ្វើតេស្ដិ៍រកឃើញសារធាតុគ្រឿងញៀន ៣នាក់ផងដែរ។
លោកបានបន្ដថា បន្ទាប់ពីធ្វើការឃាត់ខ្លូន កម្លាំងសមត្ថកិច្ចដកហូតបាន ថ្នាំញៀន១៦កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ សំបកថង់តូចៗ សម្រាប់ច្រកថ្នាំញៀនមួយចំនួន វត្ថុតាងសំណល់ជក់មួយចំនួនទៀត និងស្រោមអនាម័យជាច្រើនផងដែរ។ ជាងនេះទៅទៀត លោកបានបញ្ជាក់ថា «ការបង្ក្រាបនេះធ្វើឡើងជាច្រើនលើក ច្រើនសារ មកហើយប៉ុន្ដែពួកគេមិនរៀងចាលសោះ ពោលគឺការឃុំខ្លួនបានរយៈពេលខ្លីពេក»។ បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លូន ទៅកាន់ការិយាល័យជំនាញនៃស្នងការនគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕