(បន្ទាយមានជ័យ)៖ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ប្រមាណ៥០នាក់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅវាលស្រែក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទឹសទី១ បន្ទាយមានជ័យ ហើយលោកវរៈសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង បានដឹកនាំកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ប្រមាណជិត៥០នាក់មានកណ្តៀវគ្រប់ដៃបានចុះជួយច្រកស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ប្រមាណជិត ២ហិកតា។
លោកបានបញ្ជាក់ថា កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីការងារអង្គភាព និងការពារបូរណភាពទឹកដី និងការពារជាតិមាតុភូមិ គឺជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងប្រមូលផលស្រូវជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ និងជួយអន្តរាគមន៍នៅពេលដែលមានអគ្គិភ័យកើតឡើងបានសហការជាមួយកម្លាំងជំនាញជួយអន្លត់ និងអ្នកគ្រោះលងទឹកដែលបាត់ខ្លួន បានជួយរុករក។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត បានជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលរស់នៅតាមបន្ទាត់ព្រំដែន បានទាន់ពេល និងជួយប្រមូលផលស្រូវប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ជនលិចស្រូវត្រូវបានចួយច្រូតកាត់ និងប្រមូលផលស្រូវនៅក្រុងសិរីសោភ័ណ និងពេលនេះបានជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងការលិចលងដោយជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅវាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ប្រជាពលរដ្ឋជាម្ចាស់ស្រែសូមថ្លែងអណគុណចំពោះកងទ័ពនៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលបានចុះជួយច្រកស្រូវ និងប្រមូលស្រូវដែលរងគ្រោះដោយទឹកជំនន់ដែលបានជនលិច៕