(ភ្នំពេញ)៖ លោក ប៊ូ ឡាំ តំណាងរាស្ដ្រមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាពនៅវេលាម៉ោង១២៖១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយរោគាពាធ នៅប្រទេសវៀតណាម។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងត្រូវជាក្មួយប្រុសបង្កើតរបស់លោក ប៊ូ ឡាំ ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា លោក ប៊ូ ឡាំ បានទទួលមរណភាព ពេលកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាម។
បើតាមលោក ថង សាវុន ពិធីបុណ្យសពរបស់លោក ប៊ូ ឡាំ នឹងត្រូវរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរបស់លោក ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី។ រដ្ឋសភានឹងចេញសេចក្តីជូនដំណឹងជាផ្លូវការ នៃការទទួលមរណភាពរបស់លោក ប៊ូ ឡាំ នៅពេលបន្តទៀត៕