(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តជួបជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីចំណីផ្លូវលេខ១៥១ ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដើម្បីរកដំណោះស្រាយជូនពួកគាត់ និងបានពន្យល់ពីការតាំងទីលំនៅសព្វថ្ងៃបន្ថែមដល់ពួកគាត់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូនដី១ឡូតិ៍ ក្នុង១ខ្នងផ្ទះ មានទំហំ៤.៥ គុណ១៨ម៉ែត្រ។
កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីភូមិបាលខណ្ឌ រួមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «កិច្ចពិភាក្សានេះ អាជ្ញាធររាជធានីភ្នំពេញ បានពន្យល់ពីការតាំងទីលំនៅសព្វថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្សព្វអំពីការដោះស្រាយគោលនយោបាយរបស់សាលារាជធានីភ្នំពេញ ដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅលើដីចំណីផ្លូវលេខ១៥១»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា «បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងរកដំណោះស្រាយដោយបានផ្តល់ជូនដីទំហំ ៤.៥ គុណម៉ែត្រ ១៨ម៉ែត្រ ក្នុង១ខ្នងផ្ទះ ដែលមានទីតាំងលើផ្លូវ១៥១ ដូចគ្នា ប៉ុន្តែ មានចម្ងាយមិនដល់ ២គីឡូម៉ែត្រ ពីទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃនោះទេ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ប្រព័ន្ធទឹក ភ្លើង ដែលបម្រើដល់ការរស់នៅរបស់ពួកគាត់បានសមរម្យ»។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ ដែលព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ពួកគាត់នឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីអាជ្ញាធរ (ប្លង់រឹង)។
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងផុសផុល ប្រជាពលរដ្ឋបានសម្រេចឯកភាពតាមសំណើរបស់លោកប្រធានអង្គប្រជុំដោយជ្រើសរើសតំណាងរបស់ខ្លួន ក្នុងចំនួនមួយសមស្រប ដើម្បីមកបន្តជជែកពិភាក្សាលម្អិត ក្នុងមួយករណីៗមួយខ្នងផ្ទះៗជាមួយក្រុមការងារ ឈានទៅរកលទ្ធផលចុងក្រោយបញ្ចប់បញ្ហាទាំងស្រុង៕