(ភ្នំពេញ)៖ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានដាក់បណ្តឹងប្តឹងប្រធាន អនុប្រធាន និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន៤រូប ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទថា សង្ស័យបានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ក្នុងការតែងតាំង និងការធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុង គ.ជ.ប ដែលប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦ នេះបើតាមពាក្យបណ្តឹងដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦។
មន្ត្រីជាន់ខ្ពស់ទាំង៤រូប ដែលត្រូវបាន ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ដាក់ពាក្យប្តឹងទៅ ACU រួមមានលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប , លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប និងលោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរងនៃ គ.ជ.ប។
ក្នុងពាក្យបណ្តឹងរបស់ លោក រស់ សារ៉ុម បានបញ្ជាក់ថា សមាគមរបស់លោកបានឃ្លាំមើលយ៉ាងដិតដល់ ចំពោះការអនុវត្តច្បាប់របស់សមាជិក គ.ជ.ប ទាំង៩រូប ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែងក្នុងខែមេសា ឆ្នាំ២០១៥ ហើយរកឃើញថា សមាជិក គ.ជ.ប ទាំង៩រូប ជាពិសេស ប្រធាន អនុប្រធាន អ្នកនាំពាក្យ និងអគ្គលេខាធិការង ទាំង៤រូបខាងលើ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ក្នុងការតែងតាំងមន្ត្រីរាជការ ចាប់ពីថ្នាក់នាយកដ្ឋាន រហូតដល់អនុការិយាល័យ ក្នុងអគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប បច្ចុប្បន៕