(កោះកុង)៖ អភិបាលរងខេត្តកោះកុង ចំនួន៥រូប ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលមហោស្របខេត្តកោះកុង ដោយមានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, ប្រធានមន្ទីរគ្រប់ស្ថាប័ន មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ ក្រុងស្រុកជាច្រើនរូបទៀត។
លោកស្រី មិថុនា ភូថង បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងការឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឲ្យមានការបំពេញបន្ថែមនូវ ចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស នេះជាការជួយសម្រួល និងពន្លឿនប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។
ទន្ទឹមនេះលោកស្រីអភិបាលខេត្ត បានសម្តែងការអបអរសាទរចំពោះការតែងតាំងអភិបាលរងខេត្ត ចំនួន៥រូប ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួន ឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានល្អ និងសុវត្ថិភាព។
លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញនូវក្ដីសេចក្តីសោមនោស្សរីករាយ និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងកងកម្លាំងទាំងបី បានសហការគ្នាក្នុងការអភិវឌ្ឍឲ្យខេត្តមានការរីកចម្រើន និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់ ក្នុងការបន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងធនធានមនុស្សកាន់តែរីកចម្រើន និងលើកស្ទួយផ្នែកអេកូទេសចរណ៍ឲ្យកាន់តែមានសក្តានុពលផងដែរ ហើយបង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានធូរមួយកម្រិតក្នុងជីវភាពគ្រួសារថែមទៀត។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានជំរុញដលអភិបាលរងខេត្តថ្មី ដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តកោះកុងមិនថាអភិបាលរងថ្មី ឬអភិបាលរងខេត្តចាស់នោះទេ ត្រូវខិតខំបំពេញកាតព្វកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនទាំងក្នុងរដ្ឋបាលខេត្ត និងជាមួយប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។
បន្ថែមពីនេះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីដឹកនាំ និងកសាងខេត្តនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងជោគជ័យហើយបន្តជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣,៤,៥) ឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពស៊ាំនៅក្នុងសហគមន៍ផងដែរ។
លោកស្រី ឈី វ៉ា អភិបាលរងខេត្ត ទើបប្រកាសចូលកាន់មុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថា លោកស្រី និងអភិបាលរងខេត្តដែលទើបប្រកាសចូលកាន់មុខតំណេងថ្មី និងខិតខំឲ្យអស់ពីសមត្ថភាពដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ និងខិតខំបំពេញកាតព្វតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រកបដោយក្រមសិលធម៌ សុជីវធម៌និងបង្កើនភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកស្រីនឹងរក្សាភាពផ្ទៃក្នុងឲ្យរឹងមាំសាមគ្គីគ្នារវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋឲ្យបានល្អ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលាមិនថាយប់ ឬថ្ងៃ ជិត ឬឆ្ងាយឡើយរហូតដល់មូលដ្ឋានគាត់ ដោយមិនគិតពីភាពនឿយហត់ឡើយ ព្រោះនេះជាតួនាទីរបស់មន្ត្រីរាជការ។
សូមបញ្ជាក់ថា មន្ដ្រីរាជការចំនួន៥រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង រួមមាន៖
*ទី១៖ លោកស្រី ឈី វ៉ា
*ទី២៖ លោក ហាក់ ឡេង
*ទី៣៖ លោក ឈេង សុវណ្ណដា
*ទី៤៖ លោក អន សុធារិទ្ធ
*ទី៥៖ លោកស្រី អុី នារីនេត៕