(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញសមាសភាពអត្តពលិកជាផ្លូវការ ដែលត្រូវបញ្ជូនទៅចូលរួមប្រកួតកីឡា Olympic Games នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនាខែសីហាខាងមុខ នេះហើយ បន្ទាប់ពីបញ្ចប់ការចូលរួមជម្រុះកម្រិតអាស៊ី និងការធ្វើតេស្ដសមត្ថភាពថ្នាក់ជាតិ ដើម្បីស្នើរសុំសិទ្ធិអនុគ្រោះ ចូលរួមប្រកួតព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ កាលពីពេលថ្មីៗកន្លងទៅ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា «អត្តពលិកផ្លូវការ ដែលត្រូវចូលរួមប្រកួតកីឡា Olympic Games នេះ គឺមានសរុប ៦នាក់ ប៉ុន្ដែក្នុងនោះមានអត្តពលិកម្នាក់ប៉ុណ្ណោះ ដែលទទួលបានសិទ្ធិពេញលេញ គឺកីឡាការិនី ស៊ន សៀវម៉ី ដែលនាងបានឈ្នះមេដាយមាស ពីការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី នៅប្រទេសហ្វីលីពីន កាលពីខែមេសាកន្លងងទៅ»។
លោកបន្ដថា ដោយសារអត្តពលិក ៥នាក់ទៀត គឺត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ផ្ដល់សិទ្ធិអនុគ្រោះឲ្យចូលរួម គឺមានអត្តពលិកកីឡាហែលទឹក ២នាក់ រួមមានកីឡាការិនី ហែមថុន វិទីនី និងកីឡាករ ពូ សុវិជ្ជា, អត្តពិលិកកីឡាអត្តពលកម្ម ២នាក់ គឺកីឡាករ Neko និងកីឡាការិនី លី ណារី រួមទាំងអត្តពលិកកីឡាចំបាប់ម្នាក់ គឺកីឡាការិនី ចូវ សុធារ៉ា។
ជាមួយនឹងការប្រកាសអត្តពលិកផ្លូវការនេះដែរ លោក វ៉ាត់ ចំរើន ក៏បានពន្យល់ពីលក្ខខណ្ឌនៃការជ្រើសរើសផងដែរ ពោលគឺអត្តពលិកម្នាក់ៗ ត្រូវឆ្លងកាត់ការប្រកួតជម្រុះសិន លើកលែងតែអត្តពលិកមួយចំនួន ដែលមានពុំមានសមត្ថភាពគ្រាប់គ្រាន់ ដូចជាកីឡាករអត្តពលកម្ម និងកីឡាហែលទឹកជាដើម ដែលត្រូវបាន NOCC ស្នើរសុំសិទ្ធិអនុគ្រោះទៅ IOC។ រីឯកីឡាតេក្វាន់ដូ និងកីឡាចំបាប់ គឺសុទ្ធតែចូលរួមប្រកួតជម្រុះ តែគួរឲ្យស្ដាយ អត្តពលិកកីឡាចំបាប់បានធ្លាក់។
អគ្គលេខាធិការ NOCC បានបញ្ជាក់ទៀតថា សម្រាប់អត្តពលិក ទាំងទទួលបានសិទ្ធិពេញលេញ និងសិទ្ធអនុគ្រោះ គឺត្រូវចាប់ពូលប្រកួតជាមួយគ្នា មិនមានការបែងចែកនោះទេ ហើយលទ្ធផលជាក់ស្ដែង ប្រសិនបើអ្នកចូលរួមតាមសិទ្ធិអនុគ្រោះទទួលបានជ័យជម្នះ នោះគណៈកម្មការបច្ចេកទេស ក៏នឹងផ្ដល់មេដាយជ័យលាភីជូនពួកគេផងដែរ។
សម្រាប់អត្តពលិកកម្ពុជា បន្ទាប់ពីទទួលបានសិទ្ធិអនុគ្រោះ ពិសេសកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានសិទ្ធិពេញលេញជាប្រវត្តិសាស្រ្ដ ជូនប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកីឡា Olympic Games នេះ ពួកគេបាននឹងកំពុងព្យាយាមហ្វឹកហាត់ជាខ្លាំង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឆ្ពោះទៅដណ្ដើមមេដាយជូនប្រទេសកម្ពុជា ដោយអត្តពលិកភាគច្រើន ក៏កំពុងតែហ្វឹកហាត់នៅក្រៅប្រទេសទៀតផង។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕