ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅសិង្ហបុរី ៣០០កន្លែង សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧
03-06-2016 13:42
(ភ្នំពេញ)៖ ក្រសួអប់រំ យុវជន និងកីឡា នៅថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹង ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សា នៅវិទ្យាស្ថានគ្រប់គ្រងអាស៊ីបូព៌ា (East Asia Institute of Management Pte Ltd) នៃសាធារណរដ្ឋសិង្ហបុរី សម្រាប់ឆ្នាំសិក្សា២០១៦ ២០១៧។
សេចក្ដីជូនដំណឹងបានឱ្យដឹងថា វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ ចំនួន៣០០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដែលនឹងចេញដំណើរទៅ នៅខែតុលា ឆ្នាំ២០១៦ខាងមុខ។ ប្រភេទនៃអាហរូបករណ៍ មានបីប្រភេទ រួមមាន ទី១.៧០ភាគរយ សម្រាប់បេក្ខជន ដែលមានសញ្ញាបត្របាក់ឌុប ចាប់ពីនិទ្ទេស C ឡើងទៅ និងធ្វើតេស្តភាសាអង់គ្លេស ទទួលបានពិន្ទុ៦.០, ទី២. ៦៥ភាគរយ សម្រាប់បេក្ខជនដែលមានសញ្ញាបត្របាក់ឌុប ទទួលបាននិទ្ទេស C ឡើងទៅ ហើយធ្វើតេស្តភាសាអង់គ្លេស ទទួលបានពិន្ទុ ៥.៥, និងទី៣. ៦០ភាគរយ សម្រាប់បេក្ខជន ដែលមានសញ្ញបត្របាក់ឌុប និទ្ទេស C ឡើងទៅ ហើយធ្វើតេស្តភាសាអង់គ្លេស ទទួលបានពិន្ទុ ៥.០ ដែលការធ្វើតេស្តនេះ នឹងធ្វើឡើងដោយភ្នាក់ងារវិទ្យាស្ថានផ្ទាល់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងរកពាក្យសុំអាហារូបករណ៍ និងបំពេញសំណុំបែបបទផ្សេងៗ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្នានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានទីតាំង នៅអគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ចាប់ពីផ្សាយដំណឹងនេះ តទៅរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦៕