(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា អាស៊ានត្រូវបញ្ចៀសឱ្យបាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាសហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន ខណៈការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោបាយឈ្នះឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាងពិតប្រាកដ។
ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ។ ក្នុងន័យនេះ អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាសហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន»។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានយកវេទិការបស់យើងនាពេលនេះ លើកទឹកចិត្តឱ្យមានការពិភាក្សាដោយ ត្រង់ទៅត្រង់មក ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក ដើម្បីអាចទទួលបានលទ្ធផលជា ផ្លែផ្កាដ៏ពិតប្រាកដ និងបង្ហាញឱ្យសកលលោកឃើញពីឆន្ទៈក្នុងការបន្តពង្រឹងភាពជាអ្នក ដឹកនាំ និងភាពជាដៃគូរបស់អាស៊ាន ដោយយកការសន្ទនាដោយសន្តិវិធីជាយន្តការដោះ ស្រាយបញ្ហា ទោះបីស្ថិតនៅក្នុងបរិការណ៍មួយដែលច្របូកច្របល់ និងមានការធ្លាក់ចុះន ការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ ។
«កម្ពុជា ដែលជាប្រទេសធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹកយ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោបាយឈ្នះឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាងពិតប្រាកដ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយ ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានបន្តថាកម្ពុជាចង់ឃើញតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ ជាមួយនឹងការគោរព អធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយម ដែលមានការចូលរួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហរយោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក៕