(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសស្វាគមន៍នូវគំនិតផ្តួចផ្តើម របស់វិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង (Green Economic or Investment Zone)។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ សម្ដេចបានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឲ្យតំបន់របស់អាស៊ាន ធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់វៃ។

ឈរលើស្មារតីនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង (Green Economic or Investment Zone)»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជាមួយនឹងការដាក់ឲ្យចូលធរមាន នូវច្បាប់ស្តីពីវិនិយោគថ្មី នាពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមគាំទ្រការបង្កើតឡើងនូវមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែក ក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI), និងបំពាក់នូវជំនាញ និងឧបករណ៍ ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជា ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ៕