(សៀមរាប)៖ ជាការចំណែកមួយក្នុងកិច្ចការរក្សា ការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបណ្ដាអាជីវករ អ្នកប្រកបរបរ នៅតំបន់ផាប់ស្រ្ទីត (Pub-Street) ផ្សារចាស់ ផ្សារាត្រី នៅក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត បានបង្កើតស្នាក់ការនគរបាល (Police Box) មួយកន្លែងនៅក្នុងតំបន់ផាប់ស្ទ្រីត ដោយមានមន្ត្រីនគរបាលប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងមានបំពាក់ នូវប្រព័ន្ធកាមេរ៉ាសុវត្ថិភាពជាច្រើនគ្រឿង និងច្រើនកន្លែងផងដែរ បន្ថែមពីលើការដាក់ឲ្យឈរជើងយាមល្បាត និងកម្លាំងនគរបាលចល័តរាប់សិបនាក់ នៅតាមតំបន់ខាងលើនេះ។
លោកឧត្តមសេនីយ៍ សត ណាឌី បានថ្លែងប្រាប់ភ្នាក់ងារអង្គភាព Fresh News នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះថា ការបង្កើតស្នាក់ការនគរបាល ( Police Box) ជាលើកដំបូងនៅកម្ពុជា របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺក្នុងគោលបំណង ដើម្បីបង្កើននូវប្រសិទ្ធិភាពក្នុងការពង្រីក ពង្រឹងសមត្ថភាព នៃការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកកំសាន្ត នៅខេត្តសៀមរាប ជាពិសេសតំបន់ផាប់ស្ទ្រីត ផ្សារចាស់ ផ្សាររាត្រី រួមនិងកិច្ចការរក្សា ការពារ ជូនបណ្ដាអាជីវករ ប្រតិបត្តិករទេសចរ អ្នកប្រកបរបរនានា នៅតំបន់នេះផងដែរ ។
លោកឧត្តមសេនីយ៍បានបន្ថែមថា ជារៀងរាល់ថ្ងៃ កម្លាំងប្រចាំការនៅតំបន់នោះ តែងតែបានទទួលភ្ញៀវទេសចរ ដែលចូលមកទំនាក់ទំនង សាកសួរពត៌មានផ្សេងៗ ហើយការត្រួតពិនិត្យ សង្កេតតាមរយៈកាមេរ៉ាសុវត្ថិភាពទាំងនេះ នៅស្នាក់ការ Police Box បានជួយសម្រួលដល់កិច្ចការរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ទូទៅ នៅតំបន់ទាំងនេះ បានកាន់តែល្អប្រសើរបន្ថែមមួយកម្រិតទៀត ។
លោកស្នងការបានបញ្ជាក់ថា ការរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនភ្ញៀវទេសចរ អាជីវករ ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ នៅតំបន់ខាងលើនេះ និងក្នុងភូមិសាស្រ្តខេត្តសៀមរាប គឺជាតួនាទីរបស់កងកម្លាំងមានសមត្ថកិច្ច ដោយមានការចូលរួមសហការពីអាជ្ញាធមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសការបន្ដខិតខំរក្សា ឲ្យបាននូវគោលការណ៍ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់៕