Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការអចិន្រ្តៃយ៍ នឹងបើកកិច្ចប្រជុំកំណត់កាលបរិច្ឆេទ ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺនៅក្នុងសភាពេញអង្គ

03-06-2016 12:40

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការឆ្លើយបំភ្លឺរបស់ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ។ នេះបើតាមការលើកឡើងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ឲ្យដឹងថា «នៅថ្ងៃចន្ទសប្តាហ៍ក្រោយ រដ្ឋសភានឹង បើកកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍មួយ ដើម្បីកំណត់កាលបរិច្ឆេទ កោះហៅ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺ នៅមុខសភាពេញអង្គ ថាតើ ត្រូវចូលបំភ្លឺ នៅពេលណាបាន ហើយសមាជិក និងភាគីផ្សេងទៀត ទំនេរពេលណា ដែលអាចចូលរួមប្រជុំបាន»

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺផ្ទាល់មាត់ នៅរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ក្នុងការអនុវត្តការងារ។ ការស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺនៅសភានេះ បានធ្វើឡើងស្របពេលដែល មានការកោះហៅតំណាងរាស្រ្ត និងការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង។

តាមរយៈលិខិតដែលផ្ញើចេញពីរដ្ឋសភាទៅ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បញ្ហាដែលក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិចង់ឱ្យ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បំភ្លឺនោះ រួមមាន ទី១. គោលការណ៍ច្បាប់ និងគោលនយបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន។ គោលការណ៍ និង ការអនុវត្ត ជាក់ស្តែង អធិការកិច្ចការឃុំខ្លួន។ ទី២ ការប្តឹងបរិហារ និងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ទី៣.សំណួរផ្សេងៗមួយចំនួនទៀត៕