(សៀមរាប)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យ២លានរៀល ប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន២ គឹវត្តធម្មមេត្តាករុណា និងវត្តព្រះព្រហ្មរ័ត្ន ក្នុងក្រុងសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋតែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ឬហៅថា បុណ្យកាន់បិណ្ឌតាំងពីបូរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ មិនដែលអាក់ខានឡើយ លើកលែងតែក្នុងរបបលោក ប៉ុល ពត (១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់៧ ខែមករា ឆ្នាំ១៩៧៩)តែប៉ុណ្ណោះ។
បើតាមទំនៀមទម្លាប់ខ្មែរ គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌចំនួន១៥ថ្ងៃ គឺចាប់ផ្តើមធ្វើពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោចខែភទ្របទ ហើយពីថ្ងៃ១រោចដល់១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ រីឯថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកតែងតែមកប្រជុំគ្នា ធ្វើនៅក្នុងវត្តគ្រប់ៗគ្នា ពិធីបុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល ៣ខែ គឺស្របពេលនឹងរដូវចូលវស្សាដែរ តែក្រោយមកដោយប្រជាជន ពុទ្ធបរិស័ទ ជាប់មមាញឹកនឹងកិច្ចការរកស៊ីចិញ្ចឹមជីវិត ទើបគេសម្រេចធ្វើត្រឹមតែ១៥ថ្ងៃនេះវិញ។
ព្រះគ្រូធម្មកវីរង្សី នង មាណវោ ព្រះរាជាគណ:ថ្នាក់ត្រី ព្រះមេគណខេត្តគណ:ធម្មយុត្តិមហានិកាយ និងជាព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាថា មុនថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃ គឺថ្ងៃ១៤រោចនៅតាមផ្ទះនីមួយៗ គេនិយមធ្វើនំអន្សម នំគម និងម្ហូបអាហារ ចង្ហាន់វ័នជនសម្រាប់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់អ្នកដែលបានស្លាប់ទៅហើយផង ចែកចាយដល់អ្នកជិតខាង ឬមិត្តភក្តិផង។ នៅពេលយប់នៃថ្ងៃនោះ នៅឯវត្តមានពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទៅហើយ មានការសូត្រធម៌ និងការសម្តែងធម្មទេសនារហូតដល់ភ្លឺថែមទៀត។ លុះស្អែកឡើង ថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ អ្នកខ្លះទៀតកាន់នំអន្សម នំគមនិងនំចំណីផ្សេងៗ ខ្លះទៀតកាន់ ចានស្រាក់ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃជាដើម។
ព្រះមេគណខេត្ត មានសង្ឃដីកាបន្តទៀតថា ក្រៅពីពិធីភ្ជុំបិណ្ឌដែលធ្វើនៅវត្ត ក៏មានពិធីសែនព្រេននៅតាមផ្ទះនៅវេលាព្រលប់នៃថ្ងៃបង្ហើយបុណ្យនោះផងដែរ។ នៅចំកណ្តាលផ្ទះល្វែង គេក្រាលកន្ទេល គេដាក់ខ្នើយនៅក្បាលកន្ទេល រួចយកសំពត់សរមកក្រាលពីលើខ្នើយនិងកន្ទេលនោះ រួចហើយពេលនោះ គេរៀបថាស ម្ហូបនំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិលទឹក ពានស្លាម្លូ ពានបារី។ បន្ទាប់មក ក្រុមគ្រួសារទាំងអស់មកអង្គុយជុំវិញជារណ្តាប់ទាំងនោះ ហើយមេគ្រួសារអុជទៀនធូបអញ្ជើញវិញ្ញាណក្ខន្ធដូនតាមកពិសាក្រយ៉ានេះ ហើយសុំឲ្យជួយថែរក្សាកូនចៅ ដែលនៅរស់ឲ្យបានសុខសប្បាយជារៀងរហូត។
ជាមួយនេះដែរ បើតាមការពិនិត្យពីស្ថានភាពជំនឿជាក់ស្តែងឃើញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺមិនមែនទាក់ទងតែនឹងសាសនាព្រះពុទ្ធ តែមួយនោះទេ គឺពិធីបុណ្យមួយនេះ មានជាប់ទាក់ទងនឹងសាសនាព្រហ្មមញ្ញ និងសាសនាជី (ជំនឿលើព្រលឹង) របស់ខ្មែរ។ ព្រោះថាតាមធម៌ព្រះពុទ្ធ ចំពោះការឧទ្ទិសកុសលនានាទៅប្រេតបាន លុះត្រាតែទាយកទាយិកាដែលជាកូនចៅសាច់សាលោហិតរបស់ប្រេត លោកប្រគេនចង្ហាន់ទៅព្រះសង្ឃ បន្ទាប់មកឲ្យព្រះសង្ឃលោកសូត្រមន្ត ឧទ្ទិសកុសល ទើបបានផងដែរ៕