(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ (CNRP) បានប្រកាសថា លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ នឹងមិនចូលខ្លួនឆ្លើយបំភ្លឺ តាមការកោះហៅរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នោះទេ។
លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសនៅក្នុងសន្និសិទកាសែតមួយ នាទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ថា «ឯកឧត្តម កឹម សុខា បានបញ្ជាក់ម្តងហើយម្តងទៀត លោកជាអ្នកតំណាងរាស្រ្ត លោកមានអភ័យឯកសិទ្ធិ លោកមិនទៅ(ចូលតាមការកោះ)ទេ ដូច្នេះថ្ងៃទី១៤ មិថុនា គាត់មិនទៅទេ ក៏ប៉ុន្តែយើងនៅកំពុងតែសិក្សា សិក្សាផ្លូវច្បាប់ជាមួយ ក្រុមមេធាវី ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ ថាតើការអនុវត្តនោះត្រឹមត្រូវពេញលេញឬក៏អត់?»។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង ចេញដីកាបង្គាប់ឲ្យចូលខ្លួន បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។ បើតាមដីកា របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ការបង្គាប់ឲ្យ លោក កឹម សុខា ចូលខ្លួនបំភ្លឺនេះ ពីបទ បដិសេធក្នុងការចូលខ្លួនប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។
មន្រ្តីគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានចាត់ទុកដីកានេះថា រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងអំពីអភ័យឯកសិទ្ធិ តំណាងរាស្រ្ត។ លោកថា «ខ្ញុំយល់ឃើញថា ដីកាហ្នឹងជាការរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៨០ យើងអាចយកមកមើលឡើងវិញ»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនអាចទំនាក់ទំនងបានទេ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ដោយកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអវត្តមានមិនចូលបំភ្លឺតាមការកោះហៅ របស់តំណាង អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចំនួន២លើក ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ជារកម្ម ដែលអាចពាក់ព័ន្ធនឹង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូលខ្លួនេះ តុលាការបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា ហើយរដ្ឋសភា ក្រោមសំឡេងភាគច្រើនដាច់ខាត បានបោះឆ្នោតគាំទ្រឱ្យតុលាការបន្តនីតិវិធីលើ លោក កឹម សុខា តែម្តង។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទមិនចូលឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សី តាមមាត្រាទី៥៣៨នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រានេះ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយជាសាក្សី នៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុ សមស្របត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»៕