(ភ្នំពេញ)៖ ទីចាត់ការព្រំដែនអគ្គបញ្ជាការនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកិច្ចការព្រំ ដែនជំនាន់ទី២ ដល់នាយទាហាន ២០០នាក់ មកពីតាមបណ្តាកងឯកភាពនានា នៃកងយោធពលខេមរភូមិន្ទ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅសាលាការពារព្រំដែន (លង្វែក) ស្ថិតស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និង ជានាយកទីចាត់ការព្រំដែនអគ្គបញ្ជាការតំណាង នាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
តាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ នាយករងទីចាត់ការព្រំដែន ទទួលបន្ទុកសាលាព្រំដែនបានឲ្យដឹងថា វគ្គហ្វឹក ហ្វឺននេះមានរយ:ពេល ៦ខែ ដោយបានសិក្សាទៅលើចំណេះដឹងទូទៅ ការអប់រំចិត្តសាស្រ្ត ជំនាញកិច្ចការព្រំដែន ច្បាប់ពាក់ព័ន្ធព្រំដែន ការ ស្រាវជ្រាវស៊ើបការណ៍តាមព្រំដែន លិខិតបទដ្ឋានរដ្ឋបាល និង កុំព្យូទ័រ។
ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលើកិច្ចការព្រំដែន នេះថា នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអា ណត្តិទី៤ នៅក្នុងសៀវភៅ «ស» ការពារជាតិ ក៏ដូចជាវិវេចនាការពារជាតិឆ្នាំ២០១៣-២០១៨ គឺបានឲ្យអាទិភាពខ្ពស់ខាងកិច្ចការការពារ ព្រំដែន និងសន្តិសុខលំហសមុទ្រ ដូច្នេះទីចាត់ការការងារព្រំដែន មានភារកិច្ចដ៏សំខាន់ នៅក្នុងការធានាប្រសិទ្ធភាព ស្វ័យរ៉ាប់រង ការពារ បូរណភាពដែនដី កែប្រែតំបន់ព្រំដែនឲ្យក្លាយ ជាព្រំដែនសន្តិភាព និង អភិវឌ្ឍន៍។
លោក សៀក សុជាតិ បានគូសបញ្ជាក់ថា អាស្រ័យដោយការរ៉ាប់រងភារកិច្ចដ៏មានសារៈសំខាន់នេះ នាយទាហាន ពលទាហានគ្រប់រូប ដែល បំពេញការងារព្រំដែន ចាំបាច់ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពឲ្យបានខ្ពស់នូវចំណេះដឹងជាមូលដ្ឋាន ដើម្បីប្រែក្លាយកងកម្លាំងព្រំដែន ជាកងទ័ព ដែលមានជំនាញច្បាស់លាស់ មានសមត្ថភាពប្រហាក់ប្រហែលជាមួយកងទ័ព ប្រទេសជិតខាង តាមរយៈការបណ្តុះបណ្តាល ជំនាញបច្ចេកទេស ទាំងក្នុង និងក្រៅប្រទេស។
លោក សៀក សុជាតិបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យ និងបទបញ្ជារបស់សាលាឲ្យបានល្អ ក្នុងនោះត្រូវខិតខំក្រេបជញ្ជក់ យកចំណេះដឹងលើជំនាញកិច្ចការព្រំដែន ដើម្បីយកទៅបម្រើជាប្រយោជន៍សម្រាប់ប្រទេសជាតិ។
ជាមួយនឹងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ លោក សៀក សុជាតិ ក៏បាននាំយកថវិការបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចំនួន១០ លានរៀលទៅឧបត្ថម្ភ ដល់វគ្គហ្វឹកហ្វឺន នេះផងដែរ៕