(កំពត)៖ មេចែកចាយគ្រឿងញៀនដ៏ធំ ប្រចាំខេត្តកំពត ចំនួន២នាក់ ត្រូវកម្លាំងនគរបាលកណ្តាលប្រឆាំងបទល្មើសខេត្តកំពត សហការ ជាមួយកម្លាំងការិយាល័យ កណ្តាលព្រហ្មទណ្ឌខេត្ត និងកម្លាំនគរបាលមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
យ៉ាងណាក៏ដោយ មន្រ្តីនគរបាលជាន់ខ្ពស់ ខេត្តកំពត បានលួយទម្លាយថា មេចែកចាយគ្រឿងញៀនទាំង២នាក់នេះ បាននិងកំពុងឲ្យ សាច់ញាតិរបស់ខ្លួន រត់ការជាមួយមន្រ្តីតុលាការ ដើម្បីបាននៅក្រៅឃុំដែលនេះ គឺជាការព្រួយបារម្ភរបស់កម្លាំងនគរបាលលើការ បង្ក្រាបករណីគ្រឿងញៀន។
មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពត បានប្រាប់ថា ជនសង្ស័យទី១-ឈ្មោះញេប សុធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវឃាត់ខ្លួននៅមុខប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំជុំគ្រៀល នៅម៉ោង៥ល្ងាច ថ្ងៃទី២ ខែមិថុនានេះ ព្រមទាំងដកហូតវត្ថុតាង រួមមាន៖ ថ្នាំញៀនបាន១៥កញ្ចប់។
ក្រោយធ្វើការសាកសួរ កម្លាំងសមត្ថកិច្ចខាងលើ ក៏ឈានទៅឃាត់ខ្លួនបានមេក្លោងម្នាក់ទៀត ជាស្ត្រីឈ្មោះ អ៉ឹង លីជូន អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅនឹងផ្ទះតែម្តង នៅម៉ោង៦ល្ងាច ថ្ងៃដដែល។
ក្រោយឃាត់ខ្លួន ក៏នាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕