(ពោធិ៍សាត់)៖ បន្ទាប់ពីបើកសម្ពោធជាផ្លូវ នៃរោងបង្គុំ និងដំឡើងរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ពោលគឺបានរយៈពេលប្រមាណ៣ខែ, ក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បាននិងកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួនយ៉ាងមមាញឹក នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលគិតជាមធ្យមតម្លើងបានប្រមាណ៥០០គ្រឿង ក្នុងមួយខែ។
នេះគឺជាមោទនភាពក្រៃលែង សម្រាប់ប្រជាជនក្នុងខេត្តពោធិ៍សាត់ ក៏ដូចប្រជាជននៅទូទាំងប្រទេស ក្រោមម្លប់នៃសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរោងចក្រដំឡើងរថយន្ត Ford របស់សហរដ្ឋអាមេរិក បានមានវត្តមាននៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលនេះពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍, ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញ និងបែបបទស្តង់ដារការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យា ដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែសង្វាក់ផលិតកម្ម។
សូមបញ្ជាក់ថា ក្រៅតែពីរោងចក្របង្គុំ និងដំឡើងរថយន្ត Ford ក៏នៅមានការបោះទុនវិនិយោគនៅក្នុងតំបន់នេះរួចជាស្រេច នូវរោងចក្រកាត់ដេរ, រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ, រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍ ហើយនាពេលខាងមុខនឹងមានការសាងសង់ ពហុកីឡដ្ឋានសម្តេចតេជោ វាលសម្តេចយស ស្ថានីយ៍ប្រេងឥន្ធនៈ អាហារដ្ឋាន និងបន្ទប់ទឹកស្តង់ដារ។
នេះដោយសារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀងផ្ទាល់តែម្តង។
បើតាមលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បច្ចុប្បន្ននេះរោងចក្ររបស់យើង បានចាប់ផ្តើមបង្គុំ និងដំឡើងរថយន្ត Ford Renger និងFord Everestមុនគេ ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម។
រោងចក្រនេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនខ្សែសង្វាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យា ពិសេសបានផ្ដល់នូវឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន ប្រមាណជាង៥០០កន្លែង ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់។
លោកបានបន្ថែមថា ក្រុមហ៊ុន RMA Cambodia មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខ នូវដំណោះស្រាយ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន សម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។
ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារផងដែរ៕