(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ និងកម្លាំងសណ្តាប់ធ្នាប់ ចុះបាញ់ទឹកស្អាតទាំងសង្ខាងផ្លូវលេខ១៥១ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការចុះបាញ់ទឹកស្អាតផ្លូវនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវខាងលើ បានចូលផ្តល់ព័ត៌មានតាមរយៈទំព័រ Facebook ថានៅតាមបណ្តោយផ្លូវលេខ១៥១ នេះមានដីហុយខ្លាំងធ្វើឱ្យពួកគាត់ពិបាក់ធ្វើដំណើរទៅវិញទៅមក។
សូមបញ្ជាក់ថា នៅក្នុងហ្វេសបុកលោកអភិបាលខណ្ឌព្រែកព្នៅ បានសំណូមពរថា៖ «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅខាងផ្លូវ១៥១ សូមសំណូមពរដល់លោកអភិបាលខណ្ឌសូមមេត្ដាមានចំណាត់ការខាងផ្លូវម្ដុំបឹងតាមោកផង យើងខ្ញុំជាប្រជាពលរដ្ឋពិបាក ក្នុងការរស់នៅ និងប្រកបមុខរបខ្លាំងណាស់ ព្រោះមួយរយៈចុងក្រោយនេះ មិនដែលឃើញមានក្រុមហ៊ុនខាងណា មកបោស ឬលាងសំអាតផ្លូវ ជូនប្រជាពលរដ្ឋទៀតទេ សូមជម្រាបដល់លោកអភិបាលខណ្ឌ ជួយរកដំណោះស្រាយជូនយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅម្ដុំនេះផង ព្រោះឡានខ្សាច់ដឹក ជាប្រចាំ ធ្លាក់ជាហូរហែរ»។
នាឱកាសនោះដែរ លោក ធឹម សំអាន បានអំពាវនាវទៅដល់ម្ចាស់ប្រកបអាជីវកម្មរថយន្តដឹកដី ដឹកខ្សាច់ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ សុំធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវបាញ់លាងកង់ឡានឱ្យបានស្អាត មុននឹងដឹកដីចេញពីការដ្ឋាន ។
លោក ធឹម សំអាន បានបញ្ជាក់ថា ចំពោះការងារបាញ់ទឹកលាងសម្អាតតាមដងផ្លូវ កើបដីខ្សាច់ ដែលហូរហៀរចេញពីរថយន្តដឹកខ្សាច់ និងកាប់ឆ្ការព្រៃ កាត់ស្មៅ គឺកម្លាំងចុះធ្វើសកម្មភាពនេះ ជារៀងរាល់ថ្ងៃបន្តទៀត។
ប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវលេខ១៥១ និងអ្នកដំណើរមានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីក្រោមឱវាទដែលបានចុះបាញ់ទឹកលាងសម្អាតផ្លូវ ក្នុងមូលដ្ឋាន ដោយធ្វើយ៉ាងណាឱ្យមូលដ្ឋានខណ្ឌព្រែកព្នៅ មានអនាម័យ បរិស្ថានល្អ ប្រសើរប្រកបដោយផាសុកភាព៕