(សៀមរាប)៖ រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំ បក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យ មានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ចៀសហានិភ័យ ជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រង ព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា កំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។
បុគ្គលិកបច្ចេកទេសមួយរូប នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក គង់ សុវណ្ណរិទ្ធ បានឲ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងរដូវភ្លៀងនេះ ក្រុមការងាររបស់លោកបានបន្ថែម ការដើរត្រួតពិនិត្យដើមឈើញឹកញាប់ ជាងនៅរដូវប្រាំង។ ដើមឈើដែលត្រូវយកចិត្តទុកដាក់ អង្កេតខ្លាំងបំផុតគឺ ដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវសាធារណៈ ផ្លូវវង់ទស្សនារបស់ភ្ញៀវទេសចរ និងដើមឈើដែលដុះជាប់នឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋានផ្សេងៗ។
លោក សុវណ្ណរិទ្ធ បន្ថែមថា «យើងកាត់ក្រីដើមឈើណា ដែលមានមែកងាប់ ឬមានមែកច្រើនហើយ អាចបាក់ពេលមានភ្លៀងខ្យល់ម្តងៗ។ ដើមឈើណាដែលយើងឃើញថា វាពុកផុយទាំងដើម ព្យាបាលលែងជា យើងនឹងសុំគោលការណ៍ ដើម្បីដកហូតទាំងស្រុងតែម្តង។ ម្យ៉ាងទៀត មែកឈើមួយចំនួន ដែលដុះគ្របទៅលើប្រាសាទ ធ្វើឲ្យដើមឈើលែងមានលំនឹង ក៏យើងកាត់ក្រីមែកចេញដែរ ដើម្បីបញ្ចៀសការបាក់មែកសង្កត់ប្រាសាទ តែមិនឲ្យងាប់ដើមឈើទេ»។
បុគ្គលិកដែលមានបទពិសោធន៍ លើការងារនេះជាង៧ឆ្នាំមកហើយអះអាងថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោក បានព្យាបាលដើមឈើ ចំនួនជាង១៥០០ដើមហើយ។ រហូតមកដល់ពេលនេះ ដើមឈើធំៗដែលមានជំងឺខ្លះ បានជាសះស្បើយស្ទើរ១០០% ហើយខ្លះទៀតកំពុងតែមាន សភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ។
ទោះជាយ៉ាងនេះក្តី លោក សុវណ្ណរិទ្ធ បញ្ជាក់ថា ក្រុមការងាររបស់លោកមិនអាច ដើរមើលដើមឈើបានគ្រប់ពេល២៤ម៉ោង ឬគ្រប់ដើមឈើទាំងអស់នោះដែរ ជាពិសេស ដើមឈើដែលនៅតាមផ្លូវដើរ របស់អ្នកភូមិក្នុងតំបន់អង្គរតែម្តង។ ករណីនេះ លោកបានអំពាវនាវសុំឲ្យ ប្រជាពលរដ្ឋសហការជាមួយ ក្រុមការងារអាជ្ញាធរជាតិអប្សរា រាយការណ៍ជាបន្ទាន់ ករណីឃើញមានដើមឈើណាដែលងាប់ ឬអាចបង្កគ្រោះថ្នាក់ជាយថា ហេតុណាមួយ ដើម្បីឲ្យក្រុមការងារបានដឹង និងចុះទៅពិនិត្យជាក់ស្តែង បានទាន់ពេលវេលា៕