(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដលោក ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត លោក ហ៊ុន ម៉ានី នៅសាលមហោស្របកោះពេជ្រ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទូទាំងប្រទេស។

ថ្លែងក្នុងឱកាសនោះ លោក លេង ផាលី ប្រធានក្រុមប្រតិបត្តិរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានធ្វើរបាយការណ៍ស្ដីពីសកម្មភាពនានា ដែលក្រុមការងារសម្រេចបានរាប់បញ្ចូលសកម្មភាពតាំងពី ឆ្នាំ២០១២មក និងជម្រាបជូននូវលទ្ធផលសម្រេចបានរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ដែលបានខិតខំបំពេញបេសកម្មកន្លងមក ក្រោមស្មារតីមនុស្សធម៌ និងឆន្ទៈមុៈមុត ដើម្បីបុព្វហេតុសង្គមជាតិ។

លោកក៏បានរំលេចពីការចូលរួមរបស់ សមាជិក សមាជិកាម្នាក់ៗ ក្រោមការតម្រង់ទិស និងផ្តល់អនុសាសន៍ជាបន្តបន្ទាប់របស់ លោក ហ៊ុន ម៉ានី ក្នុងការលើកស្ទួយសុខមាលភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់ការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋឥតគិតថ្លៃ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលនៃកូវីដ-១៩ និងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារ និងព្យាបាលជម្ងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ទន្ទឹមនឹងនេះ លោកបានធ្វើការប្តេជ្ញាចិត្តបន្តការខិតខំប្រឹងប្រែង លះបង់ ក៏ដូចជាជ្រោមជ្រែងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ បន្តចុះជួយព្យាបាលតាមខ្នងផ្ទះជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជារៀងរាល់ខែ និងបន្តផ្ដល់ថ្នាំជូនប្រជាពលរដ្ឋសម្រាប់ព្យាបាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានដាក់ប្រយោជន៍បុគ្គលដោយឡែក មករួបរួមគ្នាដើម្បីបុព្វហេតុដ៏ឧដុង្គឧត្តមសម្រាប់ប្រជាជន និងសង្គមជាតិ»

លោកប្រធានបានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានប្រឹងប្រែង លះបង់ពេលវេលា និងប្តេជ្ញាទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ស្របតាមបេសកម្មរបស់ខ្លួន ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។

លោកបានបន្ថែមថា បើទោះបីជាសមាជិក សមាជិកា មានការងារគោលផ្សេងៗគ្នា និងមមាញឹកយ៉ាងណាក្តី ក្រុមការងារបានដាក់ការងារខ្លួនដោយឡែក ហើយមករួបរួមគ្នាដើម្បីចូលរួមការងារស័្មគ្រចិត្ត ក្នុងការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី បានអនុវត្តការងារមនុស្សធម៌ ដោយចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ នៃការឆ្លងរីករាលដាលរបស់វ៉ីរុសកូវីដ១៩ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយ៉ាលយល់កាន់តែច្បាស់ ពីផលប៉ះពាល់ និងវិធានការទប់ស្កាត់។

ជាមួយគ្នានេះក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយឈរលើបេសកកម្ម មនុស្សធម៌ ពិនិត្យព្យាបាល ជំងឺដល់ប្រជាពរដ្ឋដោយឥតគិតថ្លៃនៅទូទាំង រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួកពណ៌សម្បុរ ឬសាសនាអ្វីឡើយ គឺធ្វើឡើងដោយក្តីស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមជាខ្មែរដូចគ្នាខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នា តែមួយ។

សូមជម្រាបថា ពិធីសំណេះសំណាលនាព្រឹកនេះលោក ហ៊ុន ម៉ានី បានរៀបចំប្រគល់ PIN វីរៈបុរសជួរមុខជូនដល់តំណាងក្រុមគ្រូពេទ្យលោក ហ៊ុន ម៉ានី ចំនួន៣០រូបផងដែរ៕