(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំឱ្យមានសិក្ខាសាលាឆ្លុះបញ្ជាំងទស្សនៈយុវជនជុំវិញការអនុវត្តយុទ្ធសាស្ត្រ អនុស្សរណៈសហព័ន្ធអន្តរជាតិ-អាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ ដែលសិក្ខាសាលានេះ មានការចូលរួមពិភាក្សា និងបញ្ចេញទស្សនៈពីសំណាក់យុវជនកាកបាទក្រហមកម្ពុជា ចំនួន៤ក្រុម ដែលអញ្ជើញមកពីក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានវត្តមានអញ្ជើញពីសំណាក់ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី កាកបាទក្រហមកម្ពុជា និងសាខារាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៧៩នាក់ នៅថ្ងៃចុងសប្ដាហ៍នេះ។

លោកស្រីអគ្គលេខាធិការរងទី១ បានឱ្យដឹងថា «សិក្ខាសាលារយៈពេលពេញ១ថ្ងៃនេះ កាកបាទក្រហមកម្ពុជា មានបំណងចង់ឱ្យយុវជនយល់ដឹងកាន់តែច្បាស់នូវខ្លឹមសារ ៣សំខាន់គឺ ៖ ទី១ គឺការអនុវត្ត ច្បាប់មនុស្សធម៌អន្តរជាតិ ការការពារនិងប្រើប្រាស់បដិរូប និងគោលការណ៍គ្រឹះ៧ប្រការ, ទី២ គឺជាការឆ្លុះបញ្ចាំងពីសកម្មភាពរបស់យុវជន ក្នុងការបំពេញការងារទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ ធ្វើយ៉ាងណាឱ្យសម្រេចបានទិសស្លោក សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល, និងទី៣ គឺជាការស្វែងយល់ពីឯកសារថ្មី ស្តីពីអនុស្សរណៈសហព័ន្ធអន្តរជាតិជាមួយអាស៊ាន ដោយផ្តោតលើ សុវត្ថិភាពសាលារៀន និងការប្រែប្រួលអាកាសធាតុ»

សូមទស្សនាកិច្ចសម្ភាសលម្អិតរបស់លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖