(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលថ្មី នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងអាណត្តិថ្មី ដែលតែងតែយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងណែនាំតម្រង់ទិសជាប្រចាំ ក្នុងការធ្វើកំណែទម្រង់សាកលវិទ្យាល័យជាតិបាត់ដំបង រហូតធ្វើឲ្យសាកលវិទ្យាល័យ មានវឌ្ឍនភាព រីកចម្រើនយ៉ាងខ្លាំងលើគ្រប់ផ្នែកទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា សមិទ្ធផលរបស់សាកលវិទ្យាល័យ នាពេលបច្ចុប្បន្ននេះ ក៏កើតចេញមកពីការខិតខំប្រឹងប្រែងផងដែររបស់គណៈគ្រប់គ្រង មន្រ្តីរាជការ បុគ្គលិក និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់។
ជាការពិតណាស់ក្រោមការគាំទ្រ ការដឹកនាំគ្រប់គ្រង និងណែនាំដោយផ្ទាល់របស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ធានាគារពិភពលោក ការជួយឧបត្ថម្ភរបស់សប្បុរសជននានា ព្រមទាំងការខិតខំប្រឹងប្រែងរបស់ខ្លួនផង សាកលវិទ្យាល័យបានបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ ស្របតាមផែនការសកម្មភាពកំណែទម្រង់ សាកលវិទ្យាល័យរបស់គណៈកម្មការគ្រប់គ្រង ព្រមទាំងស្របតាមផែនការយុទ្ធសាស្រ្ត១០ឆ្នាំរបស់សាកលវិទ្យាល័យផងដែរ។
ក្នុងឱកាសនោះ លោក ស សុខា ជំនួសមុខឲ្យ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈគ្រប់គ្រងទាំងអស់ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក សាស្រ្តាចារ្យ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានភាពអំណត់ សាមគ្គីភាពផ្ទៃក្នុងល្អ និងអនុវត្តការងារដោយភាពឆ្លាតវៃ និងទទួលបានជោគជ័យគួរជាទីមោទនៈ។
លោកក៏បានថ្លែងអំណរគុណចំពោះនិស្សិត និងអាណាព្យាបាលទាំងអស់ ដែលផ្តល់ទំនុកចិត្ត គាំទ្រ និងបានសម្រេចចិត្តជ្រើសរើស និងសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង និងបានសម្តែងការសាទរវាយតម្លៃខ្ពស់ លើសមិទ្ធផល និងស្នាដៃ ដែលសាកលវិទ្យាល័យសម្រេចបានជាពិសេស ការពង្រឹងគុណភាពអប់រំ ដែលជាមូលដ្ឋានគ្រឹះ នៃការរក្សាប្រជាប្រិយភាព កិត្យានុភាព ឧត្ដមភាព និងនិរន្តរភាពរបស់សាកលវិទ្យាល័យ ព្រមទាំងគាំទ្រចំពោះការប្តេជ្ញាចិត្ត និងទិសដៅសកម្មភាពការងារថ្មីរបស់សមាសភាពក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាអាណត្តិថ្មី ដែលមានលោកជាប្រធានក្រុមប្រឹក្សាភិបាល និងបានរៀបចំឡើងដោយមានការគិតពិចារណាយ៉ាងច្បាស់លាស់មានលក្ខណៈជាយុទ្ធសាស្រ្តត្រឹមត្រូវ។
លោក ស សុខា បានរំលឹកដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សូមឲ្យប្រុងប្រយ័ត្នទាំងអស់គ្នា ត្រូវនាំគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀន កុំឲ្យមានការប្រើប្រាស់ និងជួញដូរនៅក្នុងថ្នាក់រៀនឡើយដែលធ្វើឲ្យប៉ះពាល់កិត្តិយសសាកលវិទ្យាល័យទាំងមូល ហើយត្រូវអនុវត្តបន្តដោយយើងត្រូវខិតខំបន្ថែមទៀត នូវការស្វែងរកទីផ្សារឲ្យបានគ្រប់ផែនការ ដើម្បីទ្រទ្រង់សាកលវិទ្យាល័យជាតិយើង បានឈរដោយភាពរឹងមាំលើការអប់រំដល់និស្សិតគ្រប់គ្នា ដែលបានមកចូលរៀននៅសាលានេះផងដែរ៕