(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ចាន់សារ បានចេញមកបញ្ជាក់អំពីករណីកម្លាំងនគរបាល របស់លោកបាញ់យុវជន២នាក់ បណ្តាលឲ្យរងរបួសកាលពីរសៀលថ្ងៃម្សិលមិញ នោះគឺជាប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដែលជនល្មើសបានបើកម៉ូតូគេចពីកម្លាំងសមត្ថកិច្ច ហើយមិនព្រមឈប់។
លោក ទៀង ចាន់សារ បានបញ្ជាក់ថា ក្រោយមានការណែនាំជាប្រចាំ ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ លើការទប់ស្កាត់ និងពង្រឹងបញ្ហាសន្តិសុខតាមមូលដ្ឋាននោះ លោកបានចាត់ឲ្យកម្លាំងចុះល្បាតទាំងឯកសណ្ឋាន និងសីុវិល ហើយចំពោះហេតុការណ៍កាលពីម្សិលមិញនោះ គឺកម្លាំងនគរបាលរបស់លោក បានដេញបង្ក្រាបគ្រឿងញៀន។
លោក ទៀង ចាន់សារ បានបញ្ជាក់ថា នៅវេលាម៉ោង៣រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងជំនាញព្រហ្មទណ្ឌរបស់អធិការដ្ឋានបាន ឃើញសមាសភាពជួញដូរគ្រឿងញៀនចំនួន២នាក់ ជិះម៉ូតូម៉ាកវេវ គ្មានស្លាកលេខ ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានតាមពីក្រោយ ពីចំណុចផ្លូវ93 ឡើងមកផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ។
ពេលនោះ ជនទាំង២នាក់ដឹងខ្លួនក៏បានបន្ថែមល្បឿន ដែលមានទិសដៅពីត្បូងទៅជើង ភ្លាមនោះសមត្ថកិច្ចយើងបានបញ្ជូនព័ត៌មាន (បោះដៃ) តាមវិទ្យុទាក់ទងឲ្យកម្លាំងគោលដៅត្រួតពិនិត្យ ច្បាប់ចរាចរជើងគោក ដែលនៅមុខឃ្លាំងសាំងសូគីមុីច នឹងបណ្តាគោលដៅពួនស្ទាក់ទាំងអស់ ដើម្បីជួយស្ទាក់ឃាត់នឹងធ្វើការត្រួតពិនិត្យ ជនទាំង២នាក់នោះ។
លោកអធិការបានបន្តទៀតថា ក្រោយ ទទួលបានព័ត៌មានភ្លាមកម្លាំងនៅគោលដៅត្រួតពិនិត្យចរាចរ នឹងតាមបណ្តាប៉ុស្តិ៍ផ្សេងៗ បានត្រៀមលក្ខណៈអន្តរាគមន៍តាមគោលដៅរបស់ខ្លួននិមួយៗ ក្រោយមកជនទាំង២នាក់ បានបង្អង់ល្បឿងតែមិនព្រមឈប់ដោយបានយកជើងធាក់បារ៉ាស់ ចេញដើម្បីព្យាយាមបើកម៉ូតូរត់ ភ្លាមៗនោះ សមត្ថកិច្ចយើងបានដេញតាមពីក្រោយ នឹងបញ្ជូនព័ត៌មានបន្តតាមវិទ្យុទាក់ទង ទៅគោលដៅពាក់ព័ន្ធដើម្បីជួយស្ទាក់ ។
រហូតមកដល់គោលដៅប៉ុស្តិគីឡូម៉ែត្រលេខ៦ កម្លាំងបានចេញមកស្ទាក់ តែជនទាំង២នាក់បានបើកម៉ូតូ បំបុកកម្លាំង នឹងបន្តបើកគេចតាមបណ្តោយផ្លូវជាតិលេខ៥ រហូតដល់គោលដៅប៉ុស្តិ៍ច្រាំងចំរេះទី២ ដែលមានសមត្ថកិច្ចយើងកំពុងត្រៀមចាំស្ទាក់ទៀត តែជនទាំង២នោះ នៅតែបន្តជិះគេច រួចបត់តាមផ្លូវបេតុងខាងក្នុងឡើងមកផ្លូវ៥៩៨ រួចក៏បត់ឡើងមកផ្លូវជាតិលេខ៥វិញ មកដល់ត្រង់ចំណុចហ្គាស់ទាន់សម័យ សង្កាត់ស្វាយប៉ាក សម្ថកិច្ចយើងបានតាមទាន់ ហើយបានឲ្យជនទាំង២នាក់នោះឈប់។
ពេលនោះកម្លាំងយើងបានចុះពីលើម៉ូតូបំរុងធ្វើការត្រួតពិនិត្យ តែជនសង្ស័យ១នាក់ ដែលជិះខាងក្រោយបានប្រតាយជាមួយកម្លាំងយើង ក៏បណ្តាលរាលកៃអាវុធខ្លី១គ្រាប់ ត្រូវកំពួនជើងស្តាំ (ស្រាល) របស់បក្សពួកម្នាក់ទៀត ដែលអង្គុយខាងមុខ ភ្លាមនោះ កំលាំងយើងបានយកជននោះទៅមន្ទីរពេទ្យ។
ដោយឡែក នៅសល់ជន១នាក់ទៀតសម្ថកិច្ចយើង បាននាំមកអធិការដ្ឋានរួចបានធ្វើការត្រួតពិនិត្យមធ្យោបាយ (ម៉ូតូ) នៅចំពោះមុខជនម្នាក់នោះ បានរកឃើញថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សចំនួន៣កញ្ជប់ នឹងឧបករណ៍ ស្បោងសំរាប់ច្រកគ្រឿងញៀនមួយចំនួន៕
-ជនសង្ស័យទី១/ឈ្មោះអឿន សុធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ និងទី២/ឈ្មោះអ៑ុត សំអ៑ាងភេទប្រុសអាយុ៣០ឆ្នាំ (អ្នកបើកម៉ូតូរបួសកំពួនជើងស្តាំស្រាល)។
បើតាមលោកអធិការ ទិសដៅបន្ត កម្លាំងរបស់លោក តាមចាប់មេក្លោង នឹងបក្សពួកសេសសល់ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តន៍តាមនិតិវិធី៕