(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា តំបន់ទីប្រជុំជនអ្នកលឿង ប្រកបដោយសក្តានុពល និងក្លាយជាតំបន់សេដ្ឋកិច្ចចម្រុះដោយបង្កើតតំបន់លំនៅដ្ឋានទំនើបតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរអាជីវកម្មផ្សេងៗ។
ការបញ្ជាក់បែបនេះរបស់អភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការ របស់ក្រុមហ៊ុនបុរីមង្គលថ្មី នៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងភូមិ១ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលមានការចូល សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង, លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង, លោក សិដ្ឋ សំណាង អគ្គនាយកបុរីមង្គលថ្មី ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ជា សុមេធី បានបន្តថា «នេះគឺជាសក្តានុពលថ្មីមួយទៀតរបស់ខេត្តព្រៃវែង ដែលបាននិងកំពុងអភិវឌ្ឍន៍ឱ្យខេត្តមួយនេះ មានការរីកចម្រើនសម្រាប់ប្រជាពលរដ្ឋដែលគាត់ត្រូវការចាំបាច់នូវប្រភេទផ្ទះល្វែង បុរី សម្រាប់រស់នៅជាលក្ខណៈគ្រួសារ និងប្រកបរបររកស៊ីនៅក្នុងខេត្ត»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ដែលជាប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ។
លោក សិដ្ឋ សំណាង អគ្គនាយកបុរីមង្គលថ្មី បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតរបស់បុរីមង្គលថ្មី ជាការវិនិយោគ ដោយវិនិយោគិនខ្មែរ១០០% នឹងមានឈាមជ័រជាខេត្តព្រៃវែង។ កន្លងមក ក្រុមហ៊ុនយើង ក៏មានបើកជាគម្រោងដីឡូតិ៍ មកទល់នឹងពេលនេះគម្រោងដីឡូតិ៍ បានបញ្ចប់ជាស្ថាពរ ១០០ភាគរយ និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនគម្រោងដីឡូតិ៍ដែលមានវត្តមាននៅទីនេះផងដែរ។
លោកបានបញ្ជាក់ថា កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការបុរីមង្គលថ្មីនៅថ្ងៃនេះ ពិតជាមិនអាចប្រព្រឹត្តិទៅបានទេប្រសិនបើគ្មានកត្តាសន្តិភាព ស្ថេរភាពនោយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកបានបន្ថែមថា គម្រោងបុរី ដ៏ធំដំបូងគេបំផុតក្នុងតំបន់អ្នកលឿងទាំងមូល ដែលមានទំហំរហូតដល់ ១២ហិកតា ស្ថិតនៅជាប់រវង់មូលស្ពាន ត្សឹបាសា ហើយនៅតាមបណ្តោយផ្លូវជាតិលេខ១។ ជារួមទីតាំងដែលត្រូវបានជ្រើសរើស យកមកអភិវឌ្ឍនេះ គឺជាទីតាំងមួយដែលស្ថិតនៅកណ្តាលក្រុងអ្នកលឿង ហើយក៏ជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម។ គម្រោងនេះទៀតសោធន៍នឹងក្លាយទៅជាមេ ដែកស្រូបទាញសក្ដានុពលនៃតំបន់អ្នកលឿងឱ្យកាន់តែមានរីចម្រើនថែមទៀតផង។
ជាមួយគ្នានេះ លោក សិដ្ឋ សំណាង បានន្ថែមថា ដើម្បីលើកកម្ពស់មុខមាត់ និងសេដ្ឋកិច្ចរបស់សហគមន៍យើងផង គម្រោងបុរី មង្គលថ្មី អមជាមួយគ្នានៅគំរោងផ្ទះអាជីវកម្ម ផ្សារអ្នកលឿងថ្មីដែលមានតូបជាង ៤០០តូប ដែលមានចំណតធំទូលាយសម្រាប់បំពេញតម្រូវការរបស់បងប្អូនអាជីវករឱ្យមានបែបបទនៃការលក់ដូររបៀបថ្មីមួយ និងមានបរិក្ខាទំនើបៗរួមគ្នាក្នុងគម្រោងនេះតែមួយផងដែរ។
បន្ថែមលើសពីនេះ ចក្ខុវិស័យក៏ដូចជាបេសកម្មរបស់ក្រុមហ៊ុនចង់ប្រែក្លាយតំបន់អ្នកលឿងឱ្យមានភាពរីកចម្រើនមានបែបបទនៃការរស់នៅប្រសើរជាងមុន មានកំណើនសេដ្ឋកិច្ច និងក្លាយជាតំបន់ដ៏មានសក្ដានុពល។ ក្រុមហ៊ុន និងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍនូវគម្រោងលំនៅដ្ឋានថ្មី ដែលផ្ដល់នូវផាសុខភាព សុវត្ថិភាព និងឧត្តមភាព។ បន្ថែមពីនេះទៅទៀតចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រានៃការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ពង្រឹងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍ទាំងមូល។
លោកបានបន្តថា បុរី មង្គលថ្មី ហ៊ានស្រមៃ ហ៊ានថា ហ៊ានធ្វើឱ្យក្លាយជាការពិតព្រោះរាល់អាជីវកម្មកន្លងមកសុទ្ធសឹងតែប្រកបទៅគុណតម្លៃស្នូលដែលជាអត្តសញ្ញាណមានដូចជា៖ គុណភាព គុណធម៌ សុឆន្ទៈខ្ពស់ និងទំនួលខុសត្រូវនៅដំណាក់កាលដំបូងនេះ យើងបានទទួលការគាំទ្រយ៉ាងពេញទំហឹង និងការយកចិត្តទុកដាក់យ៉ាងកត់សម្គាល់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងពីអតិថិជនមកពីគ្រប់មជ្ឍដ្ឋានផងដែរ៕