(ភ្នំពេញ)៖ បណ្តាមហាជន ទាំងអ្នកនយោបាយ មន្ត្រី និងប្រជាពលរដ្ឋ បានថ្លែងសារដាស់តឿនជូនដល់យុវវ័យទាំងអស់ សូមកុំបំភ្លេចគុណរបស់ឪពុកម្តាយ។ ពួកគាត់ បានក្រើនរម្លឹកដល់យុវវ័យ ឲ្យពិចារណាពីការណ៍ដែលឪពុកម្តាយមានគុណធ្ងន់ណាស់ ដោយតាំងពីកូនចាប់បដិសន្ធិភ្លាម គឺលោកទាំងឡាយមាននូវព្រហ្មវិហារធម៌ទាំង៤ រួមមាន មេត្តា ករុណា មុទិតា និងឧបេក្ខា ដល់កូនជាទីស្រលាញ់។

ការថ្លែងសាររបស់អ្នកនយោបាយ មន្ត្រី និងប្រជាពលរដ្ឋ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម Facebook ពីវីដេអូជាច្រើន ដែលក្នុងនោះយុវជន និងយុវតីមួយចំនួន បានលើកឡើងថា ម្តាយឪពុកគ្មានគុណសោះ។

ប្រជាពលរដ្ឋខ្មែរមួយរូប លោក ប៊ុនថន សុខាណារិទ្ធ បានថ្លែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋកម្ពុជា។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ លោកបានខិតខំប្រតិបត្តិការអប់រំរបស់ព្រះពុទ្ធសាសនា ដែលបណ្តុះផ្នត់គំនិតឲ្យដឹងគុណឪពុកម្តាយ ដែលមានគុណរកអ្វីប្រៀបផ្ទឹមពុំបាន។

ពិធីករវិទ្យុរូបនេះ ក៏តែងតែឆ្លៀតពេលក្នុងកម្មវិធីវិទ្យុ ដើម្បីថ្លែងសារដាស់តឿន ឲ្យមនុស្សគ្រប់រូបកុំមើលងាយឪពុកម្តាយ ក៏ដូចជាស្អប់រង្វង់គ្រួសារ និងសាច់ញាតិឡើយ។ លោកបន្តថា បើតាមធម៌របស់ព្រះពុទ្ធ និងការផ្តាំពីចាស់ទុំថា ការមើលងាយឪពុកម្តាយ នឹងធ្លាក់នរក។

លោកបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះ «ខ្ញុំតែងតែទទួលបានការទូន្មានថា ទោះបីជាឪពុកម្តាយវិកលចរិត ក៏គាត់នៅតែជាឪពុកម្តាយយើងដដែល»

ស្របពេលជាមួយគ្នានេះ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានថ្លែងរម្លឹក និងផ្តាំផ្ញើទៅយុវជននិងយុវនារីគ្រប់គណបក្ស និងគ្រប់សាសនាទាំងអស់ ដែលគិតថាម៉ែឪគ្មានគុណ ឲ្យលះបង់ទស្សនៈនេះចោល។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក អ៊ុន ជឹម បានថ្លែងថា ពេលម្តាយឪពុកដឹងថាកូនចាប់កំណើតក្នុងផ្ទៃម្តាយ បើលោកម្តាយឪពុកពុំមានសេចក្តីស្រលាញ់លើកូនក្នុងផ្ទៃនោះទេ គាត់ប្រើថ្នាំ ឬប្រើមធ្យោបាយផ្សេងសម្លាប់ទារកនោះចោលបានយ៉ាងងាយ តែព្រោះសេចក្តីស្រលាញ់ គឺគាត់ខំទ្រាំពពោះ៩ខែ១០ថ្ងៃយ៉ាងលំបាក។ ពួកគាត់ស៊ូទ្រាំហត់នឿយ និងខំប្រឹងថែរក្សាសុខភាពកូនក្នុងផ្ទៃ។

លោកបន្តថា ពេលកើត ម្តាយស៊ូប្តូរជីវិតអស់ឈាមទាំងថ្លុក និង ខំថែរក្សាកូនដោយបាយទឹក នំចំណី សំពត់អាវសាវស្បៃ ទីជម្រក និង ថ្នាំព្យបាល ខំឲ្យកូនរៀនសូត្ររហូតដល់១០ទៅ២០ឆ្នាំ ទោះហត់នឿយ បម្រើកាងារ ស៉ីឈ្នួលឲ្យគេ ឬខ្ចីបុលគេមកចិញ្ចឹមកូនក៏មាន។ នេះហៅថាទឹកចិត្តអ្នកស្រលាញ់កូន និង អាណិតកូន បើពួកគាត់មិនមានព្រហ្មវិហារធម៌ និង សេចក្តីស្រលាញ់ទេ គាត់អាចយកកូនទៅបោះចោលភ្លាមក្រោយពេលកើតរួច។

លោក អ៊ុន ជឹម បានថ្លែងទៀតថា «យុវវ័យត្រូវគិតថា ពួកគាត់ទាំង២ស្រលាញ់យើងជាងអ្នកណាៗទាំងអស់ និងជាមនុស្សចំណាយពេលថែរក្សាយើងជាងអ្នកណាៗទាំងអស់។ បើកូនក្មួយ និងយុវជនគិតមិនឃើញនូវចំណុចទាំងអស់នេះទេ អ្នកមិនមានធម៌ជាមនុស្សទេ ហើយក៏ជាមនុស្សគ្មានការយល់ដឹងអ្វីសោះឡើយ»

បន្ថែមលើនេះ លោកបណ្ឌិត ហ៉ឺ វីរៈ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងសារថា «ព្រះរស់មានឈ្មោះពុកនិងម៉ែ សូមកូនកុំប្រែបែរឆោតល្ងង់ បំភ្លេចពុកម៉ែណាឆោមយង់ ប្រយ័ត្នធ្លាក់ក្នុងអន្លង់អវីចី»

ក្នុងកិច្ចសម្ភាសជាមួយ Fresh News លោកបណ្ឌិត មិនគាំទ្រទេចំពោះការសាបព្រោះមនោគមវិជ្ជា មិនស្គាល់គុណឪពុកម្តាយ។ លោកបន្តថា មនោគមវិជ្ជាជាសំនុំនៃគំនិត ឬជំនឿ ជាយោបល់ដែលស្ថិតក្នុងលក្ខណៈទ្រឹស្តីនយោបាយ ដែលបានស្តែងឡើងជាលក្ខណៈទាក់ទាញឱ្យមានចំណាប់អារម្មណ៍ ហើយជំរុញឱ្យធ្វើសកម្មភាព ដើម្បីបំពេញគោលបំណងរបស់ក្រុមមនុស្សសហគមន៍ ឬគណបក្ស។

លោកបណ្ឌិត ហ៉ឺ វីរៈ បានថ្លែងទៀតថា កាលពីសម័យរបបប្រល័យពូជសាសន៍ សម្រាប់អ្នកបានឆ្លងកាត់ ពិតជាបានឃើញជាក់ស្តែងលើការប្រើមនោគមបង្រៀនកូនក្មេងឱ្យបម្រើការងារខ្លួន គឺមានតែអង្គការប៉ុណ្ណោះ ដែលមានគុណចំពោះខ្លួន រហូតដល់ក្មេងហ៊ានសម្លាប់ឪពុកម្តាយឯង ធ្វើការប្រមាថសព្វសារពើ លែងស្គាល់បុណ្យបាបអ្វីអស់ហើយ។ លោកចាត់ទុកថា នេះគឺជាសម័យខ្មៅងងឹតសម្រាប់ជីវិតជនជាតិខ្មែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ដែលមានចំណេះដឹងជ្រៅជ្រះចំពោះវិស័យពុទ្ធចក្រ បានថ្លែងថា មកដល់សម័យទំនើបសកលភាវូបនីយកម្មនេះ ខ្ញុំសឹងតែមិនជឿថាមានការចាក់មនោគម ដល់យុវជនមួយចំនួន ឱ្យប្រព្រឹត្តអំពើអសីលធម៌ក្នុងសង្គមសម័យនេះទៀត។ អ្នកខ្លះហ៊ានបកស្រាយទាំងងងើល មិនយល់អ្វីគុណទោសច្បាស់លាស់ បោះបង់គ្រួសារស្រវ៉ារត់រកព្រហ្ម (នាមដែលគេបង្កើតឡើងឱ្យគេជឿ) ដែលនិយាយគ្មានមូលដ្ឋានកំណត់ រវើរវាយ ប្រៀបដូចមនុស្សអសតិ ទៅវិញ។

លោកបណ្ឌិត ហ៉ឺ វីរៈ បានរិះគន់បុគ្គលមួយរូប ដែលអុចអាលអ្នកគាំទ្រខ្លួន ឲ្យយល់ថា ឪពុកម្តាយគ្មានតម្លៃ។

លោកថ្លែងថា «គាត់នេះលើកយកទ្រឹស្តីព្រះពុទ្ធសាសនា តែបរិយាយពន្យល់ដូចមនុស្សមិនគ្រប់ ជាពិសេសពន្យុះឱ្យពលគេស្អប់ព្រះសង្ឃ ប្រមាថព្រះសង្ឃ ដែលទ្រទ្រង់សាសនាជាច្រើនដោយគ្មានញញើត។ ព្រះពុទ្ធសាសនាបង្រៀនមនុស្សមិនឱ្យមានធម៌ប្រមាថ អប់រំផ្លូវចិត្តឱ្យល្អ លះក្រោធ ប្រកាន់ជំហរលើការគិតពិចារណា ប្រកបដោយវិចារញាណត្រឹមត្រូវ មិនមែនជាអព្ភន្តរញាណដឹងបានតែដឹងមិនអាចវិនិច្ឆ័យបានថាអ្វីល្អ អ្វីអាក្រក់។ ព្រះពុទ្ធសាសនាបានសាបព្រោះនូវចំណេះដឹងល្អៗ ដល់ប្រជាពុទ្ធបរិស័ទឱ្យប្រព្រឹត្តតែនឹងសេចក្តីល្អ មានធម៌ខន្តី សណ្តោសប្រណីដល់សព្វសត្តនិករទាំងឡាយ។ អ្នកខ្លះមិនយល់បែរជាគិតថា ព្រះពុទ្ធសាសនាធ្វើឱ្យប្រជាពលរដ្ឋក្រីក្រទៅវិញ។ បើអ្នកកាន់ព្រះពុទ្ធសាសនាក្រីក្រ ហេតុអ្វីក៏អ្នកខ្លះមាន អ្នកខ្លះក្រ មិនក្រទាំងអស់ ឬមានទាំស់ទៅ»?

លោកបណ្ឌិត ហ៉ឺ វីរៈ បានបន្តដែរថា ជាក់ស្តែងការមានបានអាស្រ័យគំនិត ដូចពាក្យលោកថា «មានគំនិត មានកំណើត បើគ្មានគំនិត ក៏គ្មានកំណើតដែរ»។ លោកបានក្រើនរំឭកដល់ជមជាតិខ្មែរទាំងអស់ ឱ្យបានជ្រាប ព្រះពុទ្ធសាសនាប្រើប្រាស់គោលការណ៍បង្រួបបង្រួមដោយសន្តិវិធី មិនដែលបង្រៀនសាវ័កឱ្យស្អប់សាសនាដទៃនោះទេ រហូតដល់យើងអាចកំណត់បានថាថាព្រះពុទ្ធសាសនា ជាសាសនា នៃសន្តិភាព។

ទាំងអ្នកនយោបាយ មន្ត្រី និងប្រជាពលរដ្ឋ សុទ្ធតែបានលើកឡើងស្រដៀងគ្នាថា ព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ដែលអាចជួយឲ្យសិស្សានុសិស្ស បានយល់ដឹងពីតម្លៃពិតនៃការរៀនសូត្រ និងដឹងគុណឪពុកម្តាយ។ តាមរយៈការអបរំតាមផ្លូវពុទ្ធសានា ក៏ជួយតម្រង់ទិសឲ្យសិស្សដែលបោះបង់ការសិក្សា ដោយប្រការផ្សេងៗ ដោយមិនដឹងខ្លួនដូចជា ការសេពគ្រឿងញៀន ឬល្បែងពាលាផ្សេងៗនោះ និងវិលមករកផ្លូវល្អ និងភ្ញាក់រលឹកចូលរៀនសូត្រវិញ ហើយចេះស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អ ស្គាល់អាក្រក់ និងចេះគោរពចាស់ទុំផងដែរ៕

លោក ប៊ុនថន សុខាណារិទ្ធ

លោក អ៊ុន ជឹម

លោកបណ្ឌិត ហ៉ឺ វីរៈ