(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលចំនួន៨៨នាក់ ទូកម៉ាស៊ីន៩គ្រឿង ដើម្បីហ្វឹកហាត់ពង្រឹង ជំនាញបើកបរទូកម៉ាស៊ីន និងវិធីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលរងគ្រោះដោយទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

គោលបំណងនៃការហ្វឹកហាត់នេះគឺ ដើម្បីពង្រឹង សមត្ថភាពជំនាញលើការបើកបរទូកម៉ាស៊ីន ដើម្បីត្រៀមអន្តរាគមន៍ ដោះស្រាយរាល់យថាហេតុ ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ (ទឹកជំនន់)និងគ្រោះថ្នាក់ផ្សេងៗ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ស្នងការរង នាយ នាយរង និងពលនគរបាលទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕