(រតនគិរី)៖ អ្នកជំនាញសត្វត្មាតរបស់អង្គការជីវិត និងធម្មជាតិកម្ពុជា ដែលធ្វលការងារផ្នែកអភិរក្សប្រភេទសត្វត្មាត បានបង្ហាញពីស្ថានភាព ការប្រែប្រួល ចរិកលក្ខណៈ ព្រមទាំងសកម្មភាពរបស់សត្វត្មាត ខណៈដែលកម្ពុជា គឺជាប្រទេសមួយដែលបានចាប់ផ្តើមអភិរក្សសត្វជិតផុតពូជនេះតាំងពីឆ្នាំ២០០៤មកម្ល៉េះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News កញ្ញា នី ណៃគី អ្នកសម្របសម្រួលក្រុមអ្នកអភិរក្សសត្វត្មាត របស់អង្គការជីវិត និងធម្មជាតិកម្ពុជា បានឱ្យដឹងថា៖ «សត្វត្មាតនៅលើពិភពលោក មានចំនួន២៣ប្រភេទ ហើយក្នុងនោះមានចំនួន១៤ប្រភេទ ដែលអ្នកជំនាញបង្ហាញការព្រួយពីការផុតពូជ ដោយឡែកសម្រាប់មានវត្តមានសត្វត្មាតចំនួន៣ប្រភេទ រួមមាន៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតប្រផេះ»

អ្នកជំនាញសត្វត្មាតរូបនេះ បានឱ្យដឹងថា សត្វត្មាតបង្កកំណើតបានតែម្តងគត់ក្នុង១ឆ្នាំ ហើយត្មាតញី ១ក្បាល គឺអាចបង្កើតកូនត្មាតបានតែ១ក្បាលប៉ុណ្ណោះ ដូច្នេះ ប្រសិនបើមានការរំខានណាមួយនោះវានឹងមិនអាចបង្កកំណើតឱ្យកូនត្មាតរយៈពេល១ឆ្នាំ។

កញ្ញា ណៃគី បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា គឺបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអភិរក្សប្រភេទសត្វត្មាតនេះឱ្យនៅគង់វង្ស ខណៈសត្វត្មាតដែលមានវត្តមាននៅកម្ពុជាទាំង៣ប្រភេទ ស្ថិតនៅក្នុងចំណោមសត្វត្មាតទាំង១៤ប្រភេទ ដែលកំពុងរងការគំរាមកំហែងជិតផុតពូជ។

សត្វត្មាត គឺជាអ្នកត្រួតពិនិត្យខ្យល់អាកាស យោងតាមទិន្នន័យទទួលបានពីផ្កាយរណបនាពេលថ្មីៗនេះ ទាក់ទងទៅនឹងបំលាស់ទីរបស់សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ហាញឱ្យដឹងថា សត្វត្មាតអាចហោះហើរ នៅលើអាកាសបាន កម្ពស់ ៦គីឡូម៉ែត្រ និងអាចហើរបានក្នុងល្បឿន រហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចហើរទៅមកពីអាហារដ្ឋានផ្តល់ចំណីសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀមប៉ាងយ៉ាងងាយស្រួល។ ទោះយ៉ាងណា ក៏មានរឿងជាច្រើនទៀតដែលគួរស្វែងយល់អំពីសត្វត្មាត។

សត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ព្រោះវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជាភ្នាក់ងារសម្អាតបរិស្ថាន។ ប៉ុន្តែ វាគឺជារឿងដែលធ្វើឱ្យពួកវាមានគ្រោះថ្នាក់ទៅវិញ។ ការប្រើប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។ សារធាតុគីមីដ៏គ្រោះថ្នាក់ទាំងនេះគួរតែត្រូវបានហាមឃាត់ ព្រោះវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។ ជាលទ្ធផល សត្វត្មាតក្នុងស្រុកទាំងបីប្រភេទ ដែលរស់នៅតាមព្រៃល្បោះនៃប្រទេសកម្ពុជា កំពុងទទួលការគំរាមកំហែងឈានដល់ការផុតពូជ។

ប្រទេសកម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះ នៅក្នុងតំបន់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ នៅមានចំនួនសត្វត្មាតមិនច្រើនទេ ដែលកំពុងមានវត្តមាននៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ។

សូមជម្រាបថា «យោងតាមលទ្ធផលជំរឿនសត្វត្មាត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ សត្វត្មាតចំនួន ១២៨ក្បាលត្រូវបានកត់ត្រាក្នុងនោះនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែងចំនួន ៨០ក្បាល ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារចំនួន ១៥ក្បាល ដែនជម្រកសត្វព្រៃសម្បូណ៌ ខេត្តក្រចេះចំនួន ២៤ក្បាល និងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរីចំនួន ៩ក្បាល»