(ពោធិ៍សាត់)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការផ្តល់នូវសម្បទាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង មេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងបារីអេឡិចត្រូនិក គឺជួយដល់យុវជនឱ្យមានការអភិវឌ្ឍបាននូវសម្បទាទាំង៥។
ការលើកឡើងបែបនេះ របស់លោកស្រីបណ្ឌិត សឿ សុជាតា បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយអប់រំបង្ការ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក មេរោគអេដស៍ ជំងឺអេដស៍ និងការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតាមគ្រឹះស្ថានសិក្សា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក យិន យឿត អនុប្រធាននាយកដ្ឋាន នីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា យុវជនល្អទាំងអស់ត្រូវរួមគ្នាគាំទ្រ និងចូលរួមការងារសង្គមនានា ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការសំខាន់ចាំបាច់មួយជួយសហគមន៍ឱ្យមានសុវត្ថិភាពគ្រួសារទាំងអស់រស់នៅដោយសុខសាន្ត។
ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត បានបន្តថា ការបណ្តុះបណ្តាលសម្បទាមូលដ្ឋានទាំង៥ ជូនដល់យុវជនគឺជាកត្តាចាំបាច់ដែលមិនអាចមើលរំលង បានដាច់ខាតព្រោះនាថាធនធានមនុស្ស គឺពិតជាចលករអាទិភាពចូលរួមអភិវឌ្ឍសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០។
ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត សឿ សុជាតា បានបន្ថែមថា ដើម្បីឱ្យធនធានរបស់យើងអាចក្លាយជាធនធានដ៏មានសក្តានុពល យើងត្រូវពង្រឹងនូវសុខភាពសិក្សាផ្តល់នូវសម្បទាបង្ការទប់ស្កាត់រាល់ ការប្រឈមទៅនឹងគ្រោះថ្នាក់នានាដែលអាចចូលមករំខាន និងបំផ្លាញរាល់ការអភិវឌ្ឍសម្បទាទាំង៥ របស់ធនធានមនុស្ស រួមមានការបំផ្លាញដោយជំងឺនានា ការបំផ្លាញបង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្រឿងស្រវឹង មេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក HTPs។ល។
លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងដោយមោទនភាពគ្រប់សមាសភាពពាក់ព័ន្ធ ពិសេសគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តពោធិ៍សាត់នឹងបន្តចូលរួមក្នុងបេសកកម្ម រួមរបស់យេីងការពារ និងផ្តល់អនាគតដល់យុវជន ជាកូនចៅយេីង៕