(ពោធិ៍សាត់)៖ កញ្ញា កាយ ដានី ជានារីម្នាក់ ដែលរងគ្រោះចាញ់បោកមេខ្យល់ ទៅធ្វើការនៅតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី រយៈពេល៥ឆ្នាំ រស់នៅភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង។ បន្ទាប់ពីឆ្លងកាត់ការលំបាកនេះ នាងបានរៀបរាប់ពីទុក្ខវេទនា និងលើកដៃសំពះអំពាវនាវ ដល់បងប្អូននារីខ្មែរដទៃទៀត សូមកុំប្រុងប្រយ័ត្ន កុំចាញ់បោកជនខិលខូច ដែលនាំទៅធ្វើការនៅក្រៅប្រទេស។
ការរៀបរាប់នូវទុក្ខវេទនា ពេលធ្វើការនៅម៉ាឡេស៊ី របស់ កាយ ដានី នេះ ធ្វើឡើងក្នុងឱកាសដែល ប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់មួយក្រុម ដឹកនាំដោយលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស លោកស្រី ជុក សុផានី អភិបាលរងខេត្ត អនុប្រធានកិត្តិយស និងលោកស្រីជាសមាជិកា ជាច្រើនរូបទៀត បានចុះសួរសុខទុក្ខ និង នាំយកអំណោយជូនដល់នាង នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ។
តាមការឲ្យដឹងរបស់នារីរងគ្រោះ ចាញ់បោកមេខ្យល់ឈ្មោះ កាយ ដានី អាយុ២១ឆ្នាំ រស់នៅភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ម្តាយជាស្ត្រីម៉េម៉ាយឈ្មោះ កាយ ធីម អាយុ៥៩ឆ្នាំ មានកូន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) បានរៀបរាប់ថា តាមរយៈមេខ្យល់ត្រូវជាបងប្អូនជីដូនមួយឈ្មោះ ញឿន បបួលទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០១១ ពេលនោះនាងមានអាយុទើបតែ១៦ឆ្នាំ។
ក្នុងអំឡុងធ្វើការងារផ្ទះ៥ឆ្នាំនៅទីនោះ ម្ចាស់ផ្ទះបានធ្វើល្អតែមួយឆ្នាំដំបូង លុះក្រោយៗមកបង្ខំឲ្យធ្វើការងារគ្មានពេល សម្រាកហួសពីកម្លាំង បើកប្រាក់ខែមិនទៀងទាត់ ហូបចុកមិនសមរម្យ បែងចែកវណ្ណៈធ្វើបាបផ្លូវចិត្តគ្រប់បែបយ៉ាង ។ ដោយទ្រាំរស់នៅមិនបាន ទើបសម្រេចចិត្តរត់ចេញពីផ្ទះ ទៅកាន់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៥ ខែឧសភា រួចស្ថានទូតបញ្ជូនមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៩ ខែឧសភា និងមកដល់ផ្ទះ នាថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៦។
កាយ ដានី បានលើកដៃទាំងពី សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារី ត្រូវប្រុងប្រយត្ន័កុំចាញ់បោកជនខិលខូច ព្រោះថាទៅធ្វើការនៅទីនោះ ជួបបញ្ហាប្រឈមគ្រោះថ្នាក់ច្រើនណាស់ ត្រូវរកការងារនៅក្នុងស្រុកទើបល្អប្រសើរ ជួបជុំក្រុមគ្រួសារបងប្អូន។ ពេលនេះ កាយ ដានី មានគោលបំណងចង់ធ្វើការងារ ជាអ្នកបកប្រែភាសាចិន។
លោកស្រី ឯម ប៉ុណ្ណា ក៏ដូចប្រតិភូបានសម្តែងនូវក្តីអាណិត អាសូចំពោះ កាយ ដានី ដែលមានវាសនា បានមកដល់ប្រទេស និងផ្ទះ ជួបជុំក្រុមគ្រួសាររបស់ខ្លួន រួចផុតពីទុក្ខភ័យ និងត្រូវបានក្រុមការងារ ចុះមកសួរសុខទុក្ខដល់លំនៅដ្ឋានភ្លាមៗផងដែរ។
លោកស្រីលើកឡើងទៀតថា កន្លងមកមានបងប្អូននារីយើង ជាច្រើនតែងតែចាញ់បោកមេខ្យល់ បបួលទៅធ្វើការក្រៅប្រទេស ដោយប្រថុយប្រថាន រងនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ហើយនៅពេលបានត្រឡប់ មកប្រទេសវិញមួយចំនួន មានភាពមិនប្រក្រតី នេះដោយសារការបង្ខិតបង្ខំ ឲ្យធ្វើការងារហួសពីកម្លាំង និងធ្វើទារុណកម្ម បណ្តាលឲ្យបាត់បង់ស្មារតីចងចាំ។
លោកស្រី ឯម ប៉ុណ្ណា បានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗជានារី ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ និងបង្កើនការប្រុងប្រយ័ត្ន ចំពោះជនខិលខួចមួយចំនួន តែងតែមានល្បិច អូសទាញតាមរយៈសម្ភារៈ លុយកាក់ ធ្វើឲ្យប្រជាពលរដ្ឋយើងលង់ខ្លួន ចាញ់បោកធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដូច កាយ ដានី គឺជាសក្ខីភាពស្រាប់។
ក្នុងខណៈនោះប្រតិភូ បានជួយឧបត្ថម្ភថវិកា២០ម៉ឺនរៀល ជាអំណោយរបស់សមាគមនារី សាខាខេត្ត និងអង្ករ២៥គីឡូក្រាម និងសម្ភារមួយចំនួនទៀត ជាអំណោយរបស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងការជួញដូរ។ ដោយឡែកលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ក៏បានចែកជូនសារុងម្នាក់មួយ ដល់អ្នកភូមិប្រមាណជិត៣០នាក់ផងដែរ៕