(សិង្ហបុរី)៖ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពី «សហគមន៍ជោគជ័យ» ក្រោមអធិបតីភាពលោក LEE HSIEN LOONG នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលរៀបចំដោយ ក្រុមប្រឹក្សាសាសនាឥស្លាមសិង្ហបុរី (MUIS) និងមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៩-១០ ខែកញ្ញា ឆ្នាំ២០២២។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីសាសនាឥស្លាមរបស់ប្រទេសអាស៊ាន ថ្នាក់ដឹកនាំសហគមន៍ឥស្លាម អ្នកនយោបាយ និងសាសនាវិទូ ប្រមាណ៥០០នាក់។

គោលបំណង នៃសន្និសីទនេះ គឺដើម្បីពិភាក្សាអំពីឧត្តម្មានុវត្តន៍ និងគំរូនៃសហគមន៍មូស្លីម ក្នុងការពូនជ្រំសហគមន៍ជោគជ័យ ក្នុងបរិបទសម្បូរបែប និងទាន់សម័យកាល ដែលស្តែងចេញនូវអត្តចរិតល្អ សមត្ថភាព និងសញ្ជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏មានជំនួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីជាមុស្លិមសិង្ហបូរី លោកបណ្ឌិត Mohamad Maliki bin Osman រដ្ឋមន្ត្រី ទីស្តីការការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីទី២ ក្រសួងការបរទេស និងជារដ្ឋមន្ត្រីទី២ ក្រសួងអបរំ៕