(សិង្ហបុរី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានស្នេីសិង្ហបុរីផ្ដល់អាហារូបករណ៍ដល់និស្សិតមុស្លិមកម្ពុជា ដេីម្បីបានបន្តការសិក្សារបស់ខ្លួន នៅតាមបណ្តាសាកលវិទ្យាល័យនានា លេីជំនាញវិជ្ជាជីវៈទូទៅនៅប្រទេសសិង្ហបុរី ដើម្បីឲ្យនិស្សិតទាំងនោះ មានសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

សំណេីរនេះធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Mohamad Maliki bin Osman រដ្ឋមន្ត្រី ទីស្តីការការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេស និងជារដ្ឋមន្ត្រីទី២ នៃក្រសួងអបរំ នៅទីស្តីការក្រសួង ប្រទេសសិង្ហបុរី នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជំនួបនេះធ្វេីឡេីងក្នុងឱកាសដែល លោកទេសរដ្ឋមន្ត្រី បានអញ្ជេីញបំពេញទស្សនិច្ចនៅប្រទេសសិង្ហបុរី រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០២២ នេះ ដេីម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី «សហគមន៍ជោគជ័យ»។

លោកបណ្ឌិតបានស្នើសុំដល់ភាគីនៃប្រទេសសិង្ហបុរី ឲ្យជួយរៀបចំប្រព័ន្ធគ្រប់គ្រង ហាជ្ជីកម្ពុជា (ការធ្វើបុណ្យធម្មយាត្រានៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីត) ដើម្បីបង្កើនភាពជឿនលឿន ផ្តល់នូវតម្លាភាព និងសុវត្ថិភាព សម្រាប់អ្នកធ្វើធម្មយាត្រាកម្ពុជាបន្ថែមទៀត ក៏ដូចជាការបង្ការនូវផលវិបាកនានានាពេលអនាគត នៅពេលដែលប្រពលរដ្ឋកម្ពុជា មានលទ្ធភាពទៅបំពេញកាតព្វកិច្ចហាជី្ជកាន់តែច្រេីនឡេីងៗ លេីសពីចំនួនកូតាកំណត់ពីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានស្នេីសិង្ហបុរី សហការលេីការផ្តល់សេវាថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងផ្តល់នូវការបណ្តុះបណ្តាលបន្ថែមសម្រាប់ក្រុមគ្រូពេទ្យមុស្លិមកម្ពុជា ដែលកំពុងតែមានចំនួនកេីនឡេីងគួរឲ្យកត់សម្គាល់ ដើម្បីផ្ដល់នូវបច្ចេកទេស ព្រមទាំងបទពិសោធន៍ថ្មីៗ ថែមទៀត។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីសុខដុមរមនាកម្មនៃកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត Mohamad Maliki bin Osman ក៏បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងធ្វើសុខដុមណីកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបានថ្លែងនូវការកោតសរសេីរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការឆ្លេីយតបនឹងវិបត្តិកូវីដ១៩ បានយ៉ាងល្អប្រសេីរ។

លោកបណ្ឌិតបានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីរក្សាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ហើយលោកបានបន្ថែមថា នឹងរង់ចាំទទួលគាំទ្រ និងសហការលេីគម្រោងស្នេីសុំ ទៅតាមការជាក់ស្តែង៕