(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ ជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ បានដឹកនាំកិច្ចប្រជុំអង្គការចាត់តាំងទាំង៦ ក្នុងក្របខណ្ឌស្រុកម៉ាឡៃ នៅទីស្នាក់ការគណបក្សស្រុក។
ក្នុងនោះមានការចូលរួមពី ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក ឃុំ ប្រធាន អនុប្រធាន សមាជិកសមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ក្រុមការងារអភិវឌ្ឍន៍យុវជន យុវជនវេទិកាសន្តិភាព និងថ្នាលយុវជន។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹង និងលើកកំពស់ការអនុវត្តន៍តួនាទីភារកិច្ច នៃអង្គការចាត់តាំងរបស់បក្ស ជុំវិញគណបក្សស្រុកម៉ាឡៃ។
លោក ស្វាយ ជា បានកោតសរសើរចំពោះស្មារតីរបស់យុវជនគ្រប់អង្គភាពទាំងអស់ ដែលបានធ្វើសកម្មភាព ដើម្បីជួយដល់ការលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋដែលជួបប្រទះ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់។ លោកបានជំរុញឲ្យបន្តរួបរួមសាមគ្គីគ្នា កុំប្រកាន់គ្នា ក្នុងបុព្វហេតុជាតិ និងសង្គមបន្ថែមទៀត ដើម្បីទាញយកប្រជាប្រិយភាពជូនគណបក្សប្រជាជនកម្ពុជាក្នុងគោលដៅយកជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ ឲ្យដូចជ័យជំនះដែលយើងទទួលបានក្នុងការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ ២០២២ កន្លងទៅដូច្នោះដែរ។
លោកបន្តថា យុវជនត្រូវតែក្លាហាន ហ៊ានវាយបកចំពោះទង្វើទច្ចរិតរបស់ក្រុមប្រឆាំង ដែលតែងតែលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោក ឈឹម ប៊ុននី អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ បានលើកឡើងពីគោលបំណង នៃកិច្ចប្រជុំយ៉ាងដូច្នេះថា ដើម្បីរួមសហការគ្នាបានល្អ ធានាបាននូវភាពប្រាកដប្រជា អំពីការគ្រប់គ្រងកម្លាំងរបស់យើងតាមអង្គការចាត់តាំងនិមួយៗ ជៀសវាងនៅភាពអសកម្មនានាដែលកើតចេញពីការគ្រប់គ្រងមិនច្បាស់លាស់។
លោកថា គ្រប់ថ្នាក់ដឹកនាំ នៃអង្គការចាត់តាំងទាំងអស់ត្រូវតែស្គាល់គ្នា ដើម្បីភាពងាយស្រួលក្នុងកិច្ចការទំនាក់ទំនងគ្នាទៅវិញទៅមក ហើយដើម្បីបង្កើនការឯកភាពគ្នាក្នុងរបៀបរបបធ្វើការងារមួយចំនួនរបស់យើង យើងត្រូវតែចេះអំពីរបៀបរាយការណ៍ របៀបប្រជុំ របៀបកសាងនិងគ្រប់គ្រងកម្លាំង របៀបធ្វើសកម្មភាពនយោបាយចិញ្ចឹមគណៈចលនា នឹងការរៀបចំចាត់តាំងក្រុមការងារចុះមូលដ្ឋានជាដើម។
លោក ឈឹម ប៊ុននី បន្តថា យើងនឹងទទួលបានកិច្ចសហការគ្នាបានកាន់តែល្អ រវាងអង្គការចាត់តាំងមួយទៅអង្គការចាត់តាំងមួយ និងពីអង្គការចាត់តាំងទាំងអស់ទៅគណបក្សស្រុក និងគណបក្សមូលដ្ឋានធានាបាននូវការអនុវត្តគោលនយោបាយគណបក្ស កាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព ឈរលើមូលដ្ឋានសាមគ្គីឯកភាពជុំវិញគ្រួសារបក្សដ៏រឹងមាំ។ លោកបន្តថា ស្រុកម៉ាឡៃ ទទួលបានជ័យជំនះក្នុងការបោះឆ្នោតឃុំ/សង្កាត់កន្លងទៅ មិនមែនជារឿងចៃដន្យនោះទេ តែវាជាការរៀបចំយ៉ាងប្រកដប្រជារបស់យើងទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោក ឈឹម ប៊ុននី ក៏បានរំលឹកពីអតីតកាលជាង២០ឆ្នាំមុន ដែលកាលនោះ លោក សុខ ភាព ជាមួយរូបលោកផ្ទាល់ ដែលបានធ្វើសកម្មភាព រៀបចំយុទ្ធសាស្ត្រជាច្រើនដំណាក់កាលដើម្បីផ្តាច់ខ្លួនមុនគេចេញពីភាគីកម្ពុជាប្រជាធិបតេយ្យនៅតំបន់ម៉ាឡៃ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដែលគិតមកដល់ថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២ គឺគម្រប់២៦ឆ្នាំគត់ នៃចលនាផ្តាច់ខ្លួន និងសមាហរណកម្មជាមួយរាជរដ្ឋាភិបាល៕