(បន្ទាយមានជ័យ)៖ បុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណ២នាក់ លួចកាប់តាមផ្លូវពេលកំពុងជិះម៉ូតូឌុបប្រពន្ធ បណ្ដាលឲ្យរងរបួសដាច់គន្លាក់ត្រឹមកែងដៃខាងឆ្វេង និងប្រពន្ធរងរបួសពេលដួលម៉ូតូ។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ នៅលើផ្លូវបេតុកែងមណ្ឌល១០ ក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពេជ្រ អាយុ២៤ឆ្នាំ (ដាច់ដៃខាងឆ្វេង) មុខរបរអ្នកដឹកជញ្ជូនបាយ និងឈ្មោះ គឹម វី អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធរងរបួសមុខ ដោយសារដួលម៉ូតូ។ អ្នកទាំងពីរស្នាក់នៅម្ដុំផ្សារអគ្គ សិ្ថតក្នុងសង្កាត់ប៉ោយប៉ែត ហើយត្រូវបានសាច់ញាតិយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

តាមការសាកសួរព័ត៌មានពីមិត្តភ័ក្រ្ត របស់ជនរងគ្រោះឈ្មោះ ជា ហេងលី ស្នាក់នៅម្ដុំផ្សារអគ្គ សង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា ពួកគេបាននាំគ្នាទៅផឹកស៊ីនៅម្ដុំផ្លូវជាតិលេខ៥៨ ភូមិទួលពង្រ ក្រោយពីផឹកស៊ីចប់ ពួកគាត់បានវិលត្រឡប់មកកន្លែងស្នាក់នៅវិញ ស្រាប់តែមានជនសង្ស័យពីរនាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកហុងដាឌ្រីម បានជិះម៉ូតូអូសកាំបិតផ្គាក់ ពេលមកដល់កន្លែងកើតហេតុ ក៏កាប់ទៅលើជនរងគ្រោះតែម្ដង បន្ទាប់មកក៏បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕